ជីវប្រវត្តិសម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​ អ៊ុ​ម ស៊ុម

ជីវប្រវត្តិសម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​ អ៊ុ​ម ស៊ុម

 

សម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​ អ៊ុ​ម ស៊ុម ប្រសូត​នៅ​ថ្ងៃ​សុក្រ ១២​កើត ខែមាឃ ឆ្នាំមមី ពុទ្ធសករាជ ២៤៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​១៩១៨ នៅ​ភូមិ​ជំនាប់ ឃុំ​ជី​រោ ស្រុក​ត្បូង​ឈ្មុំ ខេត្តកំពង់ចាម ។ បិតា​នាម​មាស អ៊ុ​ម មាតា​នាម​សុខ មឹះ  ជា​កសិករ​ប្រកប​របរ​ធ្វើ​ចម្ការ ។ ក្នុង​នោះ​សម្តេច​មាន​បងប្អូន​បង្កើត​១២​នាក់ ប្រុស​៧​នាក់ ស្រី​៥​នាក់ សម្តេច​ជា​កូន​ទី​១២ ។

អំពី​ជីវភាព​ផ្នួស

យោង​តាម​សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» ឱ្យ​ដឹង​ថា អាយុ​បាន​១៦​ឆ្នាំ ឪពុក​ម្តាយ​បាន​អនុញ្ញាត​ឱ្យ​កូនប្រុស​អ៊ុ​ម ស៊ុម បួស​ជា​សាមណេរ​នៅ​វត្ត​នទី​រង្សី ហៅ​វត្ត​ជី​រោ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។ លុះ​អាយុ​២១​ឆ្នាំ បាន​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​ពទ្ធសីមា វត្ត​នទី​រង្សី ហៅ​វត្ត​ជី​រោ ក្នុង​សំណាក់​ព្រះ​នាគ​មុនី ជា​ឧបជ្ឈាយ៍ ។ ឧបជ្ឈាយ៍​បាន​ដាក់​នាម​បញ្ញត្តិ​ថា សង្ឃ​ត្ថ​រោ​។

បន្ទាប់​មក​បាន​បន្ត​ការ​សិក្សា​ព្រះ​បរិ​យ​ប​ត្តិ​ធម៌ នៅ​វត្ត​កោះគល់ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម រួច​មក​បន្ត​ការ​សិក្សា​នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ ក្រុងភ្នំពេញ ដ​រា​ដល់​ប្រឡង​ជាប់​សាលា​បាលី​ជាន់ខ្ពស់​។ អំពី​ចំណេះវិជ្ជា កិច្ចការ​បម្រើ​ព្រះពុទ្ធ​សាសនា និង​ប្រទេស​ជាតិ ឆ្នាំ​១៩៥០ ភិក្ខុ​អ៊ុ​ម ស៊ុម បាន​ប្រឡង​ជាប់​សាលា​បាលី​ជាន់ខ្ពស់ បច្ចុប្បន្ន​ហៅ​ថា ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត​។ ក្រៅពី​ភាសា​ខ្មែរ និង​ភាសាបាលី ភិក្ខុ​អ៊ុ​ម ស៊ុម បាន​សិក្សា​ភាសា​បារាំង និង​ភាសា​អង់គ្លេស អាច​ប្រើ​ការ​បាន ។

អាស្រ័យ​ដោយ​សមត្ថភាព ចំណេះដឹង​ទាំង​វិជ្ជា​ផ្លូវលោក និង​ផ្លូវធម៌ ភិក្ខុ​អ៊ុ​ម ស៊ុម ត្រូវ​បាន​ទទួល​នាទី​ជា​អាចារ្យ​បង្រៀន​ភាសាបាលី​ជា​ច្រើន​ឆ្នាំ នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ វត្ត​សំពៅ​មាស ក្រុងភ្នំពេញ និង​វត្ត​នទី​រង្សី ខេត្តកំពង់ចាម ។ ភិក្ខុ​អ៊ុ​ម ស៊ុម បាន​ជួយ​បណ្តុះបណ្តាល​ឱ្យ​កើត​មាន​សាលា​បាលី​រង សាលា​ធម្ម​វិន័យ ព្រមទាំង​ជួ​ួ​យ​ជ្រើសរើស​គ្រូអាចារ្យ​ទៅ​បង្រៀន​តាម​ទី ផ្សេង​ៗ​ផង ។ 

ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​សំណង់​ព្រះពុទ្ធ​សាសនា លោកគ្រូ​អាចារ្យ​អ៊ុ​ម ស៊ុម ក៏​បាន​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​ប្រទេស​ជាតិ ដូច​ជា​ការ​កសាង​សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ អណ្តូងទឹក ស្រះ​ទឹកជា​ដើម ទាំង​វិស័យ​សង្គមកិច្ច មានការ​ជួយ​សង្គ្រោះ​អ្នកក្រ​ខ្សត់ ជន​ពិការ អ្នកជំងឺ​របួស សម្រាក​ក្នុង​មន្ទីរពេទ្យ​ដែរ ។ ក្នុង​នោះ​ព្រមទាំង​បាន​អប់រំ​អំពី​សីលធម៌ និង​ជីវភាព​រស់នៅ​ក្នុង​សង្គម​ឱ្យ​បាន​ថ្លៃថ្នូរ​ចំពោះ​ព្រះសង្ឃ និង​គ្រហស្ថ ជា​បន្តបន្ទាប់​នៅ​ក្នុង​ទូ​ទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។

ស្នា​ព្រះ​ហស្ត​ក្នុង​ការ​តែង​និពន្ធ

១-​បញ្ច​ធម៌

២-​ត្រៃលោក​គោក​ត្រៃលក្ខណ៍

៣-​រក​ធម៌

៤-​បំភ្លឺ​បុណ្យ

៥-​ជុំវិញ​បញ្ហា​បួស

៦-​ព្រះ​សទ្ធម្ម​លា

៧-​ទស្សនៈ​ព្រះពុទ្ធ​សាសនា

៨-​បញ្ហា​ឧបាសក

៩-​គុណ​សីល

១០-​សុខ​របស់​គ្រហស្ថ

១១-​អានិសង្សសីល

១២-​កុ​រុ​ធម៌ ជាដើម ។ ក្រៅពី​នោះ​មាន​អត្ថបទ​ជា​ច្រើន​ទៀត​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​កម្ពុជសុរិយា ។

អំពី​តួនាទី

ឆ្នាំ​១៩៥៧ បាន​ទទួល​តួនាទី​ជា​ចៅអធិការ​ស្តីទី នៅ​វត្ត​កែវ​ព្រះ​ភ្លើង​ភ្នំពេញ ។

ឆ្នាំ​១៩៦០ បាន​ទទួល​តួនាទី​ជា​គ្រូសូត្រស្តាំ នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ​ភ្នំពេញ ។

ឆ្នាំ​១៩៥៦ បាន​ទទួល​តួនាទី​ជា​សមាជិក​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រសួង​ធម្មការ ភ្នំពេញ ។

ឆ្នាំ​១៩៦៩ បាន​ទទួល​តួនាទី​ជា​សមាជិក​ថេរ​សភា ជា​លេខាធិការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី​៥ អម​សម្តេចព្រះសង្ឃរាជ​ជួន ណាត និង​ជា​សមាជិក​សកម្ម​របស់​ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ ផ្នែក​ការងារ​ធម្មទូត ។

អំពី​សមណសក្តិ

ចាប់ពី​ឆ្នាំ​១៩៥៧ រៀង​មក​លោកគ្រូ​អាចារ្យ​អ៊ុ​ម ស៊ុម បាន​ទទួល​សមណសក្តិ​ទី​ជា​ឋានានុក្រម​និង​ជា​រាជាគណៈ​ដូច​ថត​ទៅ ៖

-​ជា​បាឡាត់​ភ​ទ្ទ​បាល (​ទី​ឋានានុក្រម​) ។

-​ជា​ព្រះ​វិន័យធរ (​ទី​ឋានានុក្រម​) ។

-​ជា​ព្រះ​ធម្ម​បិដក​(​ទី​រាជាគណៈ​ថ្នាក់​ចត្វា​) ។

-​ជា​ព្រះ​ញាណវង្ស (​ទី​រាជាគណៈ​ថ្នាក់​ត្រី​) ។

-​ជា​ព្រះ​សាសន​សោភ័ណ​(​ទី​រាជាគណៈ ថ្នាក់​ទោ ) ។

អំពី​ការ​បាត់បង់​ភាព​ផ្នួស  នា​ឆ្នាំ​១៩៧៥​ដល់​១៩៧៨

ឆ្នាំ​១៩៧៥ សភាពការណ៍​ប្រទេស​ជាតិ បាន​ជួប​ប្រទះ​នូវ​គ្រោះ​មហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍ ។ ព្រះសង្ឃ​ទូ​ទាំង​ប្រទេស បាន​ចាប់​ផ្សឹក និង​សម្លាប់​ចោល ហើយនឹង​យក​ទៅ​ធ្វើ​ជា​ទាសករ ដូច​ជា​ពលរដ្ឋ​ខ្មែរ ដទៃ​ៗ​ទៀត ។ ចំណែកឯ​វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ត្រូវ​បាន​កម្ទេច​ចោល​ទាំងស្រុង ។

 ព្រះសង្ឃ​ក៏​ត្រូវ​បាន​ជម្លៀស​ចេញពី​វត្ត​សារា​វ័​ន្ត​តេ​ជោ និង​បាន​ទៅ​គង់នៅ​វត្ត​នានា ក្នុង​ខេត្តកំពង់ចាម ។ បន្ទាប់​មក​ពួក​អង្គការ​ខ្មែរក្រហម​ចាប់​ឱ្យធ្វើ​ពលកម្ម និង​ផ្សឹក​ពី​ភេទ​ជា​ព្រះសង្ឃ ។

អំពី​ផ្នួស​លើក​ទី​២

ថ្ងៃ​៧ មក​រា ១៩៧៩ ប្រជាពលរដ្ឋ​បាន​រំដោះ​សង្គ្រោះ​ឱ្យ​រស់រាន​មានជីវិត​ផុត​ពី​របប​ប្រល័យពូជសាសន៍ ដោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។ អ្វី​ៗ​ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា ត្រូវ​បំផ្លាញ​នា​សម័យ​នោះ ក៏​មានជីវិត​រស់​ឡើង​វិញ​យ៉ាង​ផុលផុស ។ លោក​អាចារ្យ​អ៊ុ​ម ស៊ុម ក៏​ត្រូវ​បាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា អញ្ជើញ​ពី​វត្ត​សំរោង​បុរី ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មក​បំពេញ​ឧបសម្បទា នៅ​វត្ត​ឧណ្ណាលោម នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​១៩៨០ ដោយ​បាន​ទទួល​នាម​បញ្ញត្តិ​ដដែល​ថា សង្ឃត្ថេរ ។

ក្រោយ​ពី​បាន​បំពេញ​ឧបសម្បទា​ថ្មី​ហើយ ភិក្ខុ​សង្ឃត្ថេ​រោ បាន​មក​គង់នៅ​វត្ត​ឧណ្ណាលោម និង​បាន​យក​ព្រះ​ទ័យ​ទុកដាក់​បម្រើ​កិច្ចការ​ក្នុង​ព្រះពុទ្ធ​សាសនា និង​ការងារ​ប្រទេស​ជាតិ ដោយ​ឥត​គិត​ពី​ការ​នឿយហត់ ។ ដោយ​បាន​ដឹកនាំ​ព្រះពុទ្ធ​សា​នា​ជាមួយនឹង​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស (​កាល​ណោះ​នៅ​ជា​ព្រះ​វិន័យធរ​) ព្រោះថា​នៅ​ពេល​រំដោះ​ភ្លាម​មាន​បព្វជិត​ជាច្រើន​ដែល​បាន​បួស​ជា​ចេតនាកម្ម ក៏​ត្រូវ​បាន​សម្រួល​ឱ្យ​បួស​ឡើង​វិញ​តាម​បញ្ញត្តិ​កម្ម​ឱ្យ​ស្រប​តាម​ពុទ្ធានុញ្ញាត​និង​ពុទ្ធ​ប្បញ្ញត្តិ ។

ឆ្នាំ​១៩៨១ ព្រះសង្ឃ​ត្ថេ​រោ បាន​ទទួល​នាទី​ជា​អនុប្រធាន​រណសិរ្ស​រដ្ឋធានី​ភ្នំពេញ និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មា​តុ​ុ​ភូមិ​កម្ពុជា ។ បន្ទាប់​មក​ព្រះ​អង្គ​បាន​ទទួល​នាទី​ជា​ប្រធាន​សង្ឃ​រដ្ឋធានី​ភ្នំពេញ ទទួល​បន្ទុក​ដឹកនាំ​គ្រប់គ្រង​ព្រះសង្ឃ​ទាំងអស់​នៅ​ក្នុង​ក្រុង និង​បាន​ទទួល​ឋានៈ​ជា​សមាជិក​គណៈអធិបតី​កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា និង​ជា​សមាជិក​សង្ឃ​នាយករង​ទី​២ នៃ​គណៈមហានិកាយ ។

ឆ្នាំ​១៩៨៨ ក្នុង​ខែមិថុនា តាម​សំណូមពរ និង​សេចក្តី​ជ្រះថ្លា​របស់​សម្តេច​ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី ភិក្ខុ​សង្ឃត្ថេរ បាន​ស្រាវជ្រាវ​រក​ឃើញ​ព្រះ​សារី​រឹក​ធាតុ ព្រមទាំង​សម្ភារ​របស់​ព្រះ​សក្យមុនីចេតិយ​ខ្លះ​ទៀត យក​ទៅ​ធ្វើ​បុណ្យពុទ្ធាភិសេក និង​ដង្ហែ​ទៅ​តម្កល់​ទុក​នៅ​ព្រះ​សក្យមុនី​ចេ​តយ​វិញ​យ៉ាង​ឧឡា​រឹក នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​១៩៨៩ ។

ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ទុតិយាសាធ ឆ្នាំមមី ត្រ​ស័ក ព​.​ស ២៥៣៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមិថុនា ១៩៩១ ភិក្ខុ​សង្ឃត្ថេរ ត្រូវ​បាន​តែងតាំង​ជា​ចៅអធិការ​វត្ត​មហាមន្ត្រី រដ្ឋធានី​ភ្នំពេញ និង​ជា​អនុគណ​ខណ្ឌចំការមន ភ្នំពេញ​នា​ឆ្នាំ​១៩៩១ ។

ថ្ងៃ​សុក្រ ២​កើត ខែកត្តិក ឆ្នាំមមែ ត្រី​ស័ក ព​.​ស ២៥៣៥ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ភិក្ខុ​សង្ឃត្ថេរ ត្រូវ​បាន​តែងតាំង​ជា​ព្រះ​មង្គលទេពាចារ្យ​សមណស័ក្តិ​ទី​រាជាគណៈ​ថ្នាក់​ទី​១ (​ថ្នាក់​ឯក​) ។

ថ្ងៃ​ពុធ ២​រោច ខែ​ផល្គុន ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​១៩៩២ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ព្រះ​មង្គលទេពាចារ្យ ទី​ជា​សម្តេចព្រះ​មង្គលទេពាចារ្យ ។

ឆ្នាំ​១៩៩៣ សម្តេចព្រះ​មង្គលទេពាចារ្យ អ៊ុ​ម ស៊ុម ត្រូវ​បាន​តែងតាំង​ជា​អគ្គា​ថា​ធិ​ការ​នៃ​ពុទ្ធិកសិក្សា​ជាតិ ទទួល​បន្ទុក​រៀបចំ​ពុទ្ធិកសិក្សា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ទំនាក់ទំនង​ការងារ​ក្រៅប្រទេស

ទន្ទឹម​នឹង​ការងារ​ព្រះពុទ្ធ​សាសនា និង​ការងារ​ប្រទេស​ជាតិ ដែល​សម្តេច​បាន​រួមចំណែក​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស សម្តេច​បាន​ទៅ​បំពេញការងារ​ជា​ប្រយោជន៍​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ នៅ​ក្រៅប្រទេស​ជា​ច្រើន​ថែម​ទៀត គឺ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​១៩៩០ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​សហរដ្ឋអាមេរិក លើក​ទី​១ រយៈពេល​១​ខែ បាន​ចំនួន​៨​រដ្ឋ ។

ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​១៩៩២ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​លើក​ទី​១​នៅ​ប្រទេស​បារាំង ។ ថ្ងៃ​ដដែល​នោះ​បាន​បន្តដំណើរ​ពី​ប្រទេស​បារាំង ទៅ​សហរដ្ឋអាមេរិក​ម្តងទៀត នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ពិភាក្សា​អំពី​ដំណើរ​រ​ការងារ​ពុទ្ធិក​មធ្យមសិក្សា ជាមួយនឹង​ព្រះ​ភិក្ខុ ចន្ទ​វ​ណ្ណោ អ៊ុ​ង មាន (​អតីត​និស្សិត​ទៅ​រៀន​នៅ​ឥណ្ឌា​) ។

ថ្ងៃ​ទី​២១-៦ ខែមករា​-​មីនា ១៩៩៣-៩៤ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចិន លើក​ទី​១ ទី​២ និង​លើក​ទី​៣ ។

ថ្ងៃ​ទី​២៧ ខែឧសភា ១៩៩៣ សម្តេច​បាន​និមន្ត​ទៅ​ក្រុង​កណ្ឌ​ម​ណ្ឌូ​ប្រទេស​នេ​ប៉ា​ល់ ដើម្បី​ចូលរួម​ធ្វើ​សិក្ខាសាលា ។

ថ្ងៃ​ទី​២៧ ខែឧសភា ១៩៩៤ សម្តេច​បាន​និមន្ត​ទៅ​ក្រុង​ព្យុ​ង​យ៉ាង​ប្រទេស​កូរ៉េ​ខាងជើង ដើម្បី​ប្រជុំ​ដោះស្រាយ​បញ្ហា​ជម្លោះ​ខ្មែរ ។

ថ្ងៃ​ទី​៨ ខែវិច្ឆិកា ១៩៩៨ សម្តេច​បាន​និមន្ត​ទៅ​ចូលរួម​សន្និសីទ​ពុទ្ធសាសនា​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ស្រី​លង្កា ។

ក្រៅពី​នេះ សម្តេច​បាន​និមន្ត​ទៅ​ទស្សនកិច្ច​នៅ​សហភាព​សូ​វៀត​៣​ដង ប្រទេស​ម៉ុង​ហ្គោ​លី​៣​ដង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៧​ដង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ៣​ដង និង​ប្រទេស​ថៃ​ជា​ច្រើន​ដង ។

សម្តេចព្រះ​មង្គលទេពាចារ្យ ត្រូវ​បាន​ព្រះសង្ឃ​និង​គ្រ​ហស្ត​ពុទ្ធបរិស័ទ​ទូទៅ​ទាំង​សិស្សគណ ទាំង​មិនមែន​ជា​សិស្សគណ គោរព​ប្រតិបត្តិ ស្រឡាញ់ និង​ទទួលយក​ដំបូន្មាន គ្រប់​ៗ​គ្នា​។  សម្តេច​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា​ជា​ព្រះ​មហាថេរ​ពហុ​សូត្រ​មួ​​យ​អង្គ ដែល​មានចំណេះ​ដឹង និង​ពិ​ពិសោធន៍ ចាស់ទុំ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា និង​ផ្លូវលោក (​ជា គាន​, ជីវប្រវត្តិ​សម្តេច​អ៊ុ​ម ស៊ុម បោះពុម្ព​លើក​ទី​១​ឆ្នាំ​២០០០) ៕


Post a Comment (0)
Previous Post Next Post