ប្រវត្តិ​សង្ខេប​នៃ​ការ​រៀបចំ​ចង​ក្រង​វចនានុក្រម​ខ្មែរ​

ប្រវត្តិ​សង្ខេប​នៃ​ការ​រៀបចំ​ចង​ក្រង​វចនានុក្រម​ខ្មែរ​

 

សព្វ​ថ្ងៃ​នេះ ភាសា​ខ្មែរ​នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដ៏​ក្ដៅ​គគុក​សម្រាប់​ការ​ពិភាក្សា​នៅ​ស្ថាប័ន​មួយ​ចំនួន ក៏​ដូច​ជា​នៅ​លើ​ទំព័រ​កាសែត ។ មាន​មតិ​ច្រើន​​ត្រូវ​បាន​លើក​ឡើង ប៉ុន្តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​រួម​គ្នា​មួយ​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​ជាក់​ច្បាស់​នៅ​ឡើយ ។ ដោយ​ផ្អែក​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​ ដែល​ផ្ដល់​នូវ​ភាព​មិន​ច្បាស់លាស់​សម្រាប់​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ សម្រេចឱ្យ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​ខ្មែរ (សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត) ។ ​​ម៉្យាង​ដោយ​មើល​ឃើញ​ពី​ការ​រីកចម្រើន​ឥត​ឈប់​ឈរ​របស់​សម្ភារៈ​បច្ចេកវិទ្យា និង​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​តាម​ធនធាន​ដ៏​ស្ដួច​ស្ដើង​ដែល​ខ្លួន​មាន​​ផង​នោះ ​បាន​ធ្វើឱ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​ មាន លោក ងួន វ៉ាន់​ចន្ធី ជា​នាយក បាន​រៀបចំ​​ក្រុម​ការ​ងារ​មួយ នៅ​ថ្ងៃ​ទី ០៩ ខែ​តុលា​ ឆ្នាំ ២០០៥ ​ក្នុង​គោល​បំណង៖

១. អនុវត្ត​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​​ ដែល​មាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ លើ​វិស័យ​ អក្សរសាស្ត្រ និង​ស្មារតី​នៃ​ការ​ណែនាំ​របស់​ ឯ.ឧ. សុខ អាន ប្រធាន​​ គណៈកម្មាធិការ​​ជាតិ​ភាសាខ្មែរ ដែល​មាន​គោលដៅ​ធ្វើឱ្យ​មាន​ស្ថិរភាព និង​អភិវឌ្ឍន៍​លើ​វិស័យ​អក្សរសាស្ត្រ​ រួម​ចំណែក​ជាមួយ​គោល​នយោបាយ​ចតុកោណ​​​ជំហាន​ទី ២ របស់​​​រាជរដ្ឋាភិបាល​សំដៅ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ។

២. ថែរក្សា និង​លើក​កម្ពស់​ស្នាដៃ​របស់​សម្ដេច​សង្ឃរាជ ជួន ណាត និង​បន្ត​និរន្តរភាព​ របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​លើ​វិស័យ​អក្សរសាស្ត្រ ដោយ​ធ្វើឱ្យ​កាន់​តែ​ ប្រសើរ​ឡើង​ថែម​ទៀត​នូវ​វចនានុក្រម​នេះ​តាម​ជំហាន​ដូច​ខាង​ក្រោម៖​​

ក. រៀប​ចំ​ការ​កែ​សម្រួល​កំហុស​​អក្ខរា​វិរុទ្ធ ដែល​បណ្ដាល​មក​ពី​ការ​បោះ​ពុម្ព​លើក​ទី​ ៥

ខ. រៀប​ចំ​បញ្ជី​ពាក្យ​ (ក្នុង​វចនានុក្រម​ពាក្យ​មួយ​អាច​សរសេរ​បាន​ពីរ​ ឬ​បី​ បែប ដើម្បី​ ដាក់​ស្នើ​​ទៅ​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​អនុម័ត និង​សម្រេច​ក្នុង​ការ​​សរសេរ​ ឱ្យបាន​ ឯកភាព​គ្នា)

គ. ​ជ្រើស​យក​ពាក្យ​ពី​និយមន័យ​ក្នុង​វចនានុក្រម​ខ្មែរ​ដែល​បាន​បោះពុម្ព​លើក​ទី ៥​ ឱ្យក្លាយ​ជា​មេ​ពាក្យ​ឡើង

ឃ. រៀប​ចំ​​បង្កើត​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិក និង​កែ​លំអ​រាល់​ឆ្នាំ

ង. ក្រោយ​ពី​បាន​បន្ថែម​មេពាក្យ​ថ្មី រួម​ទាំង​និយមន័យ​មក វិទ្យាស្ថាន​មាន​គ្រោង​បោះពុម្ព​ វចនានុក្រម​ខ្មែរ​លើក​ទី ៦ បន្ត​ទៀត

៣. សហការ​ជាមួយ​ដៃ​គូ​សហប្រតិបត្តិការ​មួយ​ចំនួន​ដែល​មាន​ទស្សនវិស័យ​ដូច​គ្នា​ ដូចជា​ វិទ្យាស្ថាន​បើក​ទូលាយ (Open Institute), SEALang និង​បុគ្គល​ស្រាវជ្រាវ​ឯករាជ​ ជាដើម​ ដើម្បីឱ្យ​សម្រេច​គោលដៅ​ដែល​បាន​ពោល​ខាង​លើ ។

៤.​ បន្ត​ការ​ធ្វើ​វចនានុក្រម​​ខ្មែរ​ទូទៅ​ជា​អេឡិចត្រូនិក ក្រោយ​ពី​បាន​ដក​ពិសោធន៍​ពី​ វចនានុក្រម​ខ្មែរ​ របស់​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត ​រួច​មក (ករណី​មាន​លទ្ធ​ភាព​គ្រប់​ គ្រាន់)

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ដក​ស្រង់​ចេញ​ពី​និទាន​កថា​ដែល​បាន​ព្រះ​លិខិត​ចុះ​ថ្ងៃ​ទី​ ១០ ខែ ធ្នូ ឆ្នាំ ១៩៦៧ (ព.ស. ២៥១១) ដោយ​អតីត​សម្ដេច​ព្រះ​សង្ឃរាជ​គណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ ក្នុង​គ្រា​ដែល​ពុទ្ធសាសនបណ្ឌិត្យ​បាន​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី ៥ ។​

ខ្ញុំ​ថ្លែង​សេចក្ដី​អំពី​ប្រវត្តិ​នៃ​វចនានុក្រម​នេះ​ជា​សង្ខេប មិន​សព្វ​គ្រប់​តាម​ដំណើរ​ការណ៍​ដែល​កន្លង​ទៅ​ហើយ​នោះ​ទេ, ខ្ញុំ​ថ្លែង​ដោយ​អន្លើ​ៗ​ខ្លះ​គ្រាន់​តែឱ្យ​អស់​លោក​បាន​ជ្រាប​ សោះ​តែ​ខាន​ប៉ុណ្ណោះ​ហើយ​អស់​លោក​នឹង​បាន​ជួយ​​ឧបត្ថម្ភ​វចនានុក្រម​នេះឱ្យ​មាន​ការ​លូត​លាស់​ចម្រើន​តទៅ​តាម​សម័យ​និយម នា​អនាគត​កាល ។ វចនានុក្រម​ខ្មែរ​ទាំង ២ ភាគ​នេះ​ជា​សម្បត្តិ​របស់​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំពេញ គឺ​ជា​របស់​រាជ​រដ្ឋាភិបាល​តាំង​ពី​ចាប់​ផ្ដើម​បោះ​ពុម្ព​គ្រា​ទី ១ មក ពុំ​មែន​ជា​សម្បត្តិ​របស់​ឯក​ជន​ទេ ។ ព្រះ​រាជ​ប្រកាស​លេខ ៦៧ ចុះ​ថ្ងៃ​ទី ៤ ធ្នូ ១៩១៥ ឱ្យឈ្មោះ​ថា វចនានុក្រម​ខ្មែរ​របស់​រាជការ ប៉ុន្តែ​កាល​​ដែល​បោះពុម្ព​គ្រា​ទី ១ ជា​ដំបូង​បង្អស់​នោះ អស់​លោក​កុង្សីយ៍​សេនាបតី​ក្នុង​សម័យ​នោះ សុំ​ថាឱ្យ​ដាក់​ឈ្មោះ​ត្រឹម​តែ​ថា វចនានុក្រម​ខ្មែរ​ភាគ​ទី ១ ភាគ​ទី ២ (DICTIONNAIRE CAMBODGIEN Tome I Tome II ) កុំ​ដាក់​ពាក្យ​ថា របស់​រាជ​ការ ព្រោះ​បើ​ដាក់​ឈ្មោះ​ថា របស់​រាជ​ការ ក៏​ទៅ​ជា​បង្ខំឱ្យគេ​ប្រើ​តាម​ទាំង​អស់​គ្នា​ដោយ​ដាច់​​ខាត, ដោយ​ហេតុ​នេះ ត្រូវ​ទុក​ឱកាសឱ្យ​គេ​ទៅ​សិន​ចុះ បើ​អ្នក​ណា​គេ​មិន​ត្រូវ​ការ​ប្រើ​តាម​ក៏​ឥត​បើ​មាន​កំហុស​អ្វី​ឡើយ, យូរ​ៗ​ទៅ​គង់​តែ​នឹង​ប្រើ​តាម​ទាំង​អស់​គ្នា​ឯង​ៗ​ទៅ​ទេ ។ »

ដល់​មក​កាល​ជា​ខាង​ចុង គ. ស. ១៩៦៧ លោក​នាយក​នៃ​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំ​ពេញ បាន​ចាត់​ការ​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​នេះ​ជា​គ្រា​ទី ៥ ថែម​ឡើង​ទៀត ក៏​បាន​តាំង​គណៈ​កម្ម​ការ ៤ រូប​គឺ​៖

១- ព្រះ​សាសនមុនី កិម -តូរ ចន្ទមង្គលោ

២- ព្រះ​បិដក​ធម្ម អ៊ុម ស៊ុម សង្ឃត្ថេរោ ទាំង​ ២ រូប​នេះ​ជា​សមាជិក​នៃ​គណៈ​កម្មការ​ប្រែ​ព្រះ​ត្រៃ​បិដក​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ ក្រុង​ភ្នំពេញ

៣-លោក ញូង សឿង នាយ​លេខាធិការដ្ឋាន​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ក្រុង​ភ្នំពេញ (អតីត​អគ្គលេខាធិការ​រង​នៃ​ពុទ្ធសាសនបណ្ឌិត្យ)

៤- លោក ថោង សំអ៊ី អ្នក​និពន្ធ​តែង​សេចក្ដី​នៅ​ពុទ្ធសាសនបណ្ឌិត្យ ​

គណៈ​កម្មការ​ទាំង ៤ រូប​នេះ​ជា​អ្នក​ស្ទាត់​ជំនាញ​ខាង​អក្សរសាស្ត្រ​ខ្មែរ, ឱ្យជា​អ្នក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​វចនានុក្រម​ខ្មែរ​ដែល​បាន​បោះ​ពុម្ព​គ្រា​ទី ៤ នោះ​ជា​ថ្មី​ម្ដង​ទៀត​ ឱ្យបាន​ហ្មត់​ចត់​គ្រាន់​បើ​បន្តិច​ឡើង​ជាង​មុន ដ្បិត​វចនានុក្រម​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ​អស់​ទៅ​ហើយ ឥត​មាន​សល់​សម្រាប់​អស់​លោក​អ្នក​ត្រូវ​ការ​ទេ, សុំឱ្យ​គណៈ​កម្មការ​ទាំង ៤ រូប​នេះ​ឆ្លៀត​ពេល​ធ្វើ​ការឱ្យ​បាន​សម្រេច​ឆាប់​បន្តិច ឱ្យបាន​ទាន់​ពេល​នៃ​អស់​លោក​អ្នក​ត្រូវ​ការ ។

លោក លាង​ ហ័ប​អាន ជា​នាយក​នៃ​ពុទ្ធសាសនបណ្ឌិត្យ បាន​មក​សូម​ឱ្យ​ខ្ញុំ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​បោះ​ពុម្ព​គ្រា​ទី ៥ នេះ​បាន​តម្រូវ​តាម​ការ​ងាយ​ស្រួល ឱ្យគណៈ​កម្មការ​ទាំង ៤ រូប​រៀបចំ​ការិយាល័យ​មួយ​ក្នុង​វត្ត​ឧណ្ណាលោម ដើម្បីឱ្យ​បាន​នៅ​ជិត​ខ្ញុំ​ជា​អ្នក​ជួយ​ឧបត្ថម្ភ ។ ខ្ញុំ​ក៏​បាន​ទទួល​ភារៈ​ជួយ ដោយ​តាំង​ចិត្ត​ថា ស៊ូ​ទ្រាំ​នឿយ​ចំពោះ​វចនានុក្រម​នេះ​ជា​ថ្មី​ម្ដង​ទៀត​ចុះ ទោះ​បី​ខ្ញុំ​មាន​វ័យ​ចាស់​ចូល​ក្នុង​ជន្មាយុ​គម្រប់ ៨៤ ឆ្នាំ​ហើយ ព្រម​ទាំង​មាន​កិច្ច​ការ​ផ្ទាល់​ខ្លួន​ច្រើន​ស្អេក​ស្កះ​ស្ទើរតែ​រើ​ខ្លួន​ពុំ​រួច​ផង​ក៏​ដោយ, ព្រោះ​វចនានុក្រម​ខ្មែរ​នេះ​ជា​ការ​ស្នា​ដៃ​ថ្វី​គំនិត​ចាស់​របស់​ខ្ញុំ ខ្ញុំ​មិន​សូវ​ភ្លេច​យូរ​ៗ​ប៉ុន្មាន​​ចំពោះ​វចនានុក្រម​នេះ​ទេ កាល​បើ​សរសេរ​ការ​អ្វីៗ ខ្ញុំ​តែង​តែ​នឹកដល់​វចនានុក្រម​ខ្មែរ​ទាំង​២ ភាគ​នេះ​ជា​ដរាប, ដោយ​ហេតុ​នេះ​ឯង បាន​ជា​ខ្ញុំ​មិន​ប្រកែក ។ ក្នុង​គ្រា​នេះ ខ្ញុំ​លៃ​ពេល​ម៉ោង​ឆ្លៀត​ជួយ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​កែសម្រួលឱ្យ​បាន​គ្រាន់​បើ​ជាង​ពី​មុន​ខ្លះ​ដោយ​អន្លើ​ៗ ខ្ញុំ​ខំ​ប្រឹង​ឆ្លៀត​ជ្រើស​រើស​យក​មេ​ពាក្យ​ដែល​ខ្វះ ព្រម​ទាំង​អត្ថ​ន័យ​ផង សរសេរ​ខ្លួន​ឯង​ចុះ​បន្ថែមឱ្យ​មាន​មេ​ពាក្យ​ក្រែល​ជាង​ពី​មុខ បាន​ដក​ស្រង់​យក​កាព្យ​ជា​ព្រះ​រាជ​និពន្ធ​នៃ​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា ឥស្សរាធិបតី (ព្រះ​បរមកោដ្ឋ)ខ្លះ កាព្យ​សាស្ត្រា​ច្បាប់​រាជ​នេតិ​ជា​ព្រះ​និពន្ធ​នៃ ព្រះ​រាជ​សម្ភារ​ខ្លះ ល្បិច​ចៅ​ក្រម ដែល​កើត​មាន​ក្នុង​រជ្ជ​កាល​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យ​ចេស្ដា​ខ្លះ ចំពោះ​ត្រង់​អត្ថន័យ​នៃ​ពាក្យ មន្ទលេន សេន​បទ មណ្ឌុកដ​ សីហ​លោ, សុភា​សិត​និង​ភាសិត​បុរាណ​ខ្លះ, និង​កាព្យ​របស់​ខ្ញុំ​ខ្លះ តម្រូវឱ្យ​សម​តាម​អត្ថន័យ​របស់​មេ​ពាក្យ​នោះ​ៗ​ដោយ​អន្លើ​ៗ, ក៏​ឃើញ​ថា វចនានុក្រម​ខ្មែរ​ទាំង ២ ភាគ​ដែល​បោះ​ពុម្ព​គ្រា​ទី ៥ នេះ​ទូលំទូលាយ​គ្រាន់​បើ​បន្តិច​ជាង​មុខ, ប៉ុន្តែ​បើ​ធៀប​ប្រៀប​ទៅ​នឹង​ផ្លូវ ក៏​មាន​ឋានៈ​ត្រឹម​តែ​ប្រហែល​នឹង​ថ្នល់​លំ​ដែល​បាន​ចាក់​រាយ​ក្រួស​បាយ​ក្រៀម​ស្ដើង​ៗ​ប៉ុណ្ណោះ ពុំ​ទាន់​មាន​ឋានៈ​ស្មើ​នឹង​ថ្នល់​ដែល​ចាក់​ជ័រ​យ៉ាង​ក្រាស់​រលើប​រលង់​នៅ​ឡើយ​ទេ; ​ក្នុង​អនាគត​កាល​មិន​យូរ​ឆ្នាំ​ប៉ុន្មាន ទើប​អាច​នឹង​ឡើង​ឋានៈ​ស្មើ​នឹង​ថ្នល់​ចាក់​ជ័រ​រលង់​រលើប​ពុំ​ខាន​ឡើយ, គួរឱ្យ​ខ្ញុំ​នឹក​ស្ដាយ​ណាស់​ ដោយ​មិន​បាន​ឃើញ​ឋានៈ​ខ្ពង់​ខ្ពស់​របស់​វចនានុក្រម​ខ្មែរ​នេះ!

ការ​ពិនិត្យ​ក្រោយ​នេះ​, ខ្ញុំ​បាន​ថ្លែង​ការណ៍​យ៉ាង​ពិស្ដារ ឱ្យគណៈ​កម្មការ​ទាំង ៤ រូប​បាន​ដឹង​អំពី​​យោបល់​នៃ​គណៈ​កម្មការ​មុន​ដំបូង​ដែល​ខ្ញុំ​បាន​ពោល​ហើយ​ខាង​លើ, គណៈ​កម្មការ​ទាំង ៤ រូប​ក៏​មាន​​​​យោបល់​ព្រម​គ្នា​ជា​ឯកច្ឆន្ទ​ថា ត្រូវ​យើង​យក​យោបល់​របស់​គណៈ​កម្មការ​ដំបូង​នោះ​មក​អនុវត្ត កុំ​ទុក​វចនានុក្រម​នេះឱ្យ​នៅ​រសេមរសាម​ច្រើន​ពេក នាំឱ្យ​ពិបាក​ប្រើ ពិបាក​ដោះ​ស្រាយ​ណាស់ ប៉ុន្តែ​ត្រង់​សញ្ញា​ដែល​ហៅ​ថា អឌ្ឍចន្ទ នោះ​ត្រូវ​លើក​ទុក​ទៅ​ចុះ ព្រោះ​វិនាស​បាត់​រូប​បាត់​ឈ្មោះ​ទៅ​ហើយ បើ​ទុក​ជា​យើង​បង្កើត​ក្នុង​សម័យ​នេះឱ្យ​មាន​រូប​សណ្ឋាន​ផ្សេង​ជា​ជំនួស សម្រាប់​ប្រើ​ដាក់​លើ​ពាក្យ​កំញ្រ ទាំង​ប៉ុន្មាន​នោះ​ក៏​ពុំ​កើត​ដែរ ។ ឯ​យោបល់​ក្រៅ​ពី​នោះ យើង​ត្រូវ​អនុវត្ត​តាម​ខ្លះ ដើម្បី​បើក​ផ្លូវឱ្យ​មាន​ឱកាស​ច្រហ​ទូលំ​ទូលាយ ឱ្យអស់​លោក​អ្នក​អក្សរសាស្ត្រ​ខ្មែរ​នា​អនាគត​ងាយ​ដើរ​ ដ្បិត​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដែល​មាន សម្តេច​ព្រះ​នរោត្តម សីហនុ ឧប​យុវរាជ ព្រះ​ប្រមុខរដ្ឋ ជា​ព្រះ​បិតា​អក្សរសាស្ត្រ​ជាតិ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហ្ឫទ័យឱ្យ​អក្សរសាស្ត្រ​ខ្មែរ​យើង​លូត​លាស់​ចម្រើន​នេះ ផ្ទុយ​គ្នា​ស្រឡះ​ពី​សម័យ​មុន ឆ្ងាយ​ពី​គ្នា​ដាច់​ស្រយាល​ទៅ​ហើយ, យើង​គួរ​សម្រេច​តាម​យោបល់​របស់​គណៈ​កម្មការ​ដំបូង​បង្អស់​នោះ​បាន​ខ្លះ​ហើយ ព្រោះ​មិន​ដូច​សម័យ គ. ស. ១៩​១៥ នោះ​ទេ ។ ខ្ញុំ​និង​គណៈកម្មការ​ទាំង​ ៤ រូប​ក៏​បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ តាម​យោបល់​របស់​គណៈ​កម្មការ​ដំបូង​បង្អស់​នោះ, មិន​ទាំង​អស់​ទេ គ្រាន់​តែ​អនុវត្ត​តាម​ខ្លះ​ទុកឱ្យ​គង់​តាម​ទម្លាប់​ខ្លះ​ដើម្បី​គោរព​អធ្យាស្រ័យ​នៃ​អស់​លោក​អ្នក​ធ្លាប់​សរសេរ​រត់​គំនិត​រត់​ដៃ​ទៅ​ហើយ ។ ›

អធិបតី ​និង​ក្រុម​ជំនុំ ដែល​តាំង​ដោយ​ព្រះ​រាជ​ប្រកាស​លេខ ៦៧ ចុះ​ថ្ងៃ​ទី ៤ ខែ​សេបតមប្រិ៍ ឆ្នាំ ១៩១៥ និង​ព្រះ​រាជ​ប្រកាស​តាម​លំដាប់​មុន​ក្រោយឱ្យ​បង្កើត​វចនានុក្រម​ខ្មែរ ។

អធិបតី

សម្ដេច​ចក្រី​កុញ្ជរាធិបតី ពេជ្រ ប៉ុណ្ណ សេនាធិបតី​ក្រសួង​សិក្សាធិការ​និង​យុទ្ធនាធិការ (កាល​នៅ​ក្នុង​ឋានៈ​ជា អ្នក​ឧកញ៉ា​ចក្រី​កុញ្ជរាធិបតី… ) ។

ក្រុម​ជំនុំ

១- សម្ដេច​ព្រះ​រាជ​អយ្យកោ វរចក្ររណឫទ្ធិ សុធារស (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​អង្គ​ម្ចាស់)

២- សម្ដេច​ក្រុម​ព្រះ​ ភាណុវង្ស (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​អង្គ​ម្ចាស់)

៣- ព្រះ​វន​រ័ត ចន្ទ (វត្ត​ឧណ្ណា​លោម​ ក្រុង​ភ្នំ​ពេញ)

៤- ព្រះ​មហាវិមល​ធម្ម ថោង ចាង​ហ្វាង​ទី ១ នៃ​សាលា​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំ​ពេញ

៥- ព្រះ​មហារាជ​ធម្ម សួស ចៅ​អធិការ​វត្ត​ប្រយូរ​វង្ស ក្រុង​ភ្នំ​ពេញ

៦- អ្នក​ឧកញ៉ា​ធម្មានិករ គង់ (សេនាបតី​ទី​វាំង​វរ​វៀង​ជ័យ​ចាស់ រ៉ឺត្រែត )

៧- អ្នក​ឧកញ៉ា​ពិភិតឦសូរ ម៉ី (សេនាបតី​ទី​ចក្រី​ចាស់ រ៉ឺត្រែត);

៨- អ្នក​ឧកញ៉ា​វិបុល​រាជ មាស (ឧបសេនាធបតីក្រសួង​ក្សេត្រា​ធិការ… )

៩- អ្នក​ឧកញ៉ា​ស្រី​ធម្មា​ធិរាជ អ៊ុក (ឧបសេនាបតី​ក្រសួង​ព្រះ​បរម​រាជ​វាំង… )

១០- ព្រះ​ពុទ្ធ​ឃោសាចារ្យ ជួន ណាត (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា ជា​អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ជា​អ្នក​កាន់​ការ​ជាប់​រៀង​រាប​ដរាប​​មក​ដល់​សម័យ​បោះ​ពុម្ព​សម្រេច​កើត​បាន​ជា​វចនានុក្រម​ខ្មែរ​នេះ)

១១- ឧកញ៉ា​សុត្តន្តប្រីជា អ៊ិន (អ្នក​បាត់​ដំបង , តាំង​ពី​កាល​នៅ​ក្នុង​ឋានៈ​ជា​អាចារ្យ អ៊ិន រហូត​ដល់​បាន​ឋានន្តរ​ជា​ទី​ឧកញ៉ា​នេះ)

១២- អ្នក​អាចារ្យ អ៊ិត ហាក់ អាចារ្យ​សាលា​បាលី​​ជាន់​ខ្ពស់ (តាំង​ពី​កាល​នៅ​ជា​បព្វជិត មាន​ឋាន​ន្តរ​ជា​ព្រះ​សីល​សំវរ​រាជា​គណៈ វត្ត​ឧណ្ណាលោម)​

១៣- ឧញ៉ា​សុភាធិរាជ ស៊ូ (ចៅ​ក្រម​សាលា​ឧទ្ធរណ៍ ក្រុង​ភ្នំ​ពេញ)

១៤- ព្រះ​ញាណវីរិយៈ​ ឡុង (ចៅ​អធិការ​វត្ត​នួន​មណីរាម ក្រុង​ភ្នំពេញ) អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់

១៥- ព្រះ​ឧត្តមមុនី អ៊ុម ស៊ូ (វត្ត​ឧណ្ណាលោម) អធិបតី​រង​នៃ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា)

១៦- ព្រះ​សាក្យវង្ស ហួត តាត អាចារ្យ​បង្រៀន​សំស្ក្រឹត​នៅ​សាលា​បាលី​ជាន់​ខ្ពស់, អធិបតី​រង​នៃ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​សង្ឃវិជ្ជា)

១៧- ក្រម​ការ ជុំ ម៉ៅ (កាល​កំពុង​ទទួល​ភារៈ​ធ្វើ​ការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ)

១៨- ឧញ៉ា​ទេពពិទូ ឈឹម ក្រសេម​គន្ថបណ្ឌិតនៅ​ពុទ្ធសាសនបណ្ឌិត្យ ។

បណ្ដា​ក្រុម​ជំនំ​ទាំងនេះ អស់​លោក​ខ្លះ​បាន​ជួយ​ធ្វើ​ការ​ដោយ​ពេញ​កម្លាំង, ខ្លះ​ជួយ​ធ្វើ​មួយ​ដង​មួយ​កាល, ខ្លះ​គ្រាន់​តែ​មាន​នាម​តាំង​ក្នុង​ព្រះ​រាជ​ប្រកាស​ប៉ុណ្ណោះ ។

លោក ហ៊្សក សេដែស ចាងហ្វាង​សាលា​បារាំងសែស​នៅ​ចុង​បូព៌ា​ប្រទេស (កាល​នៅ​ជា​ សមាជិក កម្មការ នៃ​សាលា​បារាំងសែស​នោះ​នៅ​ឡើយ, ក្នុង​ឱកាស​ដែល​លោក​នៅ​ធ្វើ​ការ​ក្នុង​កម្ពុជរដ្ឋ) ជា​អ្នក​ផ្ដួចផ្ដើមឱ្យ​កើត​ការ​នេះ​ឡើង ព្រម​ទាំង​ឆ្លៀត​ជួយ​ធ្វើ​ការ​នេះ​ជា​មួយ​នឹង​អស់​លោក​ក្រុម​ជំនុំ​ផង​ដែរ ។

លុះ​ដល់​មក​អវសាន​កាល ព្រះពុទ្ធឃោសាចារ្យ ជួន ណាត បាន​រើ​កែ​ធ្វើ​ជា​ថ្មី​ឡើង​ម្ដង​ទៀត ដោយ​សេចក្ដី​ខំប្រឹង​ពេញ​កម្លាំង​តែ​មួយ​រូប​គត់​ឥត​មាន​លោក​ណា​ជាគម្រប់​ពីរ​ឡើយ ដរាប​ទាល់​តែ​ហើយ​ការ​ស្រេច​កើត​បាន​ជា​វចនានុក្រម​ខ្មែរ​នោះ​ឡើង, ជា​ការ​កើត​ដំបូង​បំផុត​ក្នុង​កម្ពុជរដ្ឋ។

រៀបរៀងដោយៈ ព្រះតេជព្រះគុណ កោសលមុនី យិន-រតនសុធាវី

(វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន អក្សរសាស្រ្តខ្មែរជាគោលរបស់ជាតិ វិន័យនៃលោកនាថ ជាគោលព្រះពុទ្ធសាសនា កាលបើអក្សរសាស្រ្តខ្មែរបាត់បង់ ជាតិក៏អាប់ឱនសាបសូន្យទៅជាលំដាប់លំដោយ)


Post a Comment (0)
Previous Post Next Post