កបិជាតក

កបិជាតក


 ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យត្ថ វេរី និវសតិ ដូច្នេះជាដើម ។ កាលទេវទត្តត្រូវផែនដីស្រូប ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តត្រូវវិនាសមួយអន្លើដោយបរិស័ទ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងនោះទូលថា ដោយរឿងនេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តវិនាសមួយអន្លើដោយបរិស័ទ មិនមែនក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ក៏វិនាសដូចគ្នាដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងព្រះរាជឧទ្យាន ។  សូម្បីទេវទត្តក៏កើតក្នុងកំណើតស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងទីនោះដែរ ។ ថ្ងៃមួយ បុរោហិតទៅកាន់ឧទ្យាន មុជទឹក រួចប្រដាប់តាក់តែង ហើយចេញទៅ (ក្នុងពេលនោះ) មានស្វាឡេះឡោះមួយទៅមុន ហើយអង្គុយលើកំពូលខ្លោងទ្វាររាជឧទ្យាន (ពេលបុរោហិតមកដល់) ក៏បន្ទោរ​បង់វច្ចៈដាក់ក្បាលបុរោហិតនោះ កាលបុរោហិតងើយមើលខាងលើ ស្វាកំហូចក៏បន្ទោរ​បង់ដាក់មុខបុរោហិតថែមមួយទៀត ។ បុរោហិតត្រឡប់ហើយ គំរាមស្វាថា យើងនឹងដឹងនូវកម្មដែល​គប្បីធ្វើដល់ឯង ដូច្នេះហើយគាត់ទៅមុជទឹកម្ដងទៀត រួចចៀសចេញទៅ ។

    ពួកស្វាប្រាប់ភាពដែលបុរោហិតនោះចងពៀរដល់ព្រះពោធិសត្វ ។ ព្រះមហាសត្វគិតថា ឈ្មោះ​ថា ការនៅក្នុងលំនៅរបស់សត្រូវ រមែងមិនគួរ ហ្វូងស្វាទាំងអស់ត្រូវរត់ទៅក្នុងទីដទៃ ដូច្នេះទើបញ៉ាំងពួកស្វាឲ្យប្រាប់ដល់ស្វាទាំងមួយពាន់ ។ ស្វាដែលប្រដៅក្រ កាន់យកស្វាជាបរិវាររស់ខ្លួន (មិនចេញទៅដោយគិតថា) យើងនឹងដឹងក្នុងកាលខាងក្រោយ ដូច្នេះទើបអង្គុយ​ក្នុងទីនោះឯង ។ ព្រះពោធិសត្វនាំបរិវាររបស់ខ្លួនចូលទៅកាន់ព្រៃ ។

    ថ្ងៃមួយ ទាសីអ្នកបុកស្រូវម្នាក់យកស្រូវមកហាលកម្ដៅថ្ងៃ មានពពែមួយមកស៊ីស្រូវដែលទាសីនោះហាល ហើយត្រូវប្រហារដោយអង្កត់ភ្លើង ពពែមានខ្លួនឆេះរត់ទៅ ហើយត្រដុសខ្លួននឹងខ្ទមស្មៅ ដែលអាស្រ័យនឹងរោងដំរីមួយកន្លែង ។ ភ្លើងក៏ឆេះខ្ទមស្មៅ បន្ទាប់មកឆាប់ឆេះរាលដាលដល់រោងដំរី ធ្វើឲ្យខ្នងដំរីរលាក ហ្មដំរីក៏នាំគ្នាព្យាបាលដំរី ។ ចំណែកបុរោហិតកំពុងតែពិចារណាឧបាយចាប់ស្វា ។

កាលព្រះរាជាត្រាស់សួរគាត់ដែលមកបម្រើ និងដែលបានអង្គុយហើយថា នែអាចារ្យ ដំរីទាំងឡាយរបស់យើងកើតដំបៅ ហ្មដំរីមិនដឹងការព្យាបាលសោះ តើលោកមានដឹងថ្នាំយ៉ាងណានីមួយទេ ?

    បុរោហិតទូលថា បពិត្រមហារាជ ទូលព្រះបង្គំ ដឹង ។

    ព្រះរាជាសួរថា ថ្នាំនោះឈ្មោះអ្វី ?

    បុរោហិតទូលថា បពិត្រមហារាជ គឺ ខ្លាញ់ស្វា ។

    ព្រះរាជាសួរថា ចុះយើងនឹងបានខ្លាញ់ស្វា ក្នុងទីណា ?          

    បុរោហិតទូលថា ស្វាជាច្រើនមានក្នុងឧទ្យាន ។

    ព្រះរាជាត្រាស់ថា អ្នកទាំងឡាយចូរសម្លាប់ស្វាក្នុងឧទ្យាន ហើយនាំយកខ្លាញ់មក ។

    ពួកនាយខ្នាន់ធ្នូទៅហើយ បាញ់សម្លាប់ស្វាទាំង ៥០០ ។

    ស្វាដែលជាប្រធានមួយ កាលរត់ទៅ បានត្រូវគ្រាប់ព្រួញ តែមិនដួលស្លាប់ ក្នុងទីនោះទេ ហើយទៅដល់លំនៅព្រះពោធិសត្វ ទើបដួលស្លាប់ ។ ពួកស្វាប្រាប់នូវការដែលស្វានោះត្រូវប្រហារនិងស្លាប់ហើយ ដល់ព្រះពោធិសត្វថា សត្វនោះមកដល់លំនៅរបស់ពួកយើង រួចក៏ស្លាប់ទៅ ។ ព្រះពោធិសត្វទៅអង្គុយកណ្ដាលហ្វូងស្វា ហើយពោលថា ធម្មតាបុគ្គលដែលមិនធ្វើតាមឱវាទរបស់បណ្ឌិត ហើយនៅក្នុងលំនៅរបស់សត្រូវ រមែងវិនាសយ៉ាងនេះឯង ដូច្នេះហើយ លោកក៏ពោលគាថាទាំងនេះ ដោយអំណាចពាក្យជាឱវាទដល់ហ្វូងស្វាថា           

យត្ថ វេរី និវសតិ,      ន វសេ តត្ថ បណ្ឌិតោ;

ឯករត្តំ ទ្វិរត្តំ វា,       ទុក្ខំ វសតិ វេរិសុ។

បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា បណ្ឌិតមិនគប្បីនៅក្នុងទីនោះទេ (ព្រោះ) នៅក្នុងពួកបុគ្គលមានពៀរ មួយយប់ក្តី ពីរយប់ក្តី ជាទុក្ខ ។

ទិសោ វេ លហុចិត្តស្ស,         បោសស្សានុវិធីយតោ;

ឯកស្ស កបិនោ ហេតុ,     យូថស្ស អនយោ កតោ។

បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវដល់សត្វអ្នកប្រព្រឹត្តតាម សេចក្តីមិនចម្រើន ដែលព្រាហ្មណ៍ធ្វើហើយ ដល់ហ្វូងស្វា ព្រោះហេតុតែស្វាមួយ ។

ពាលោវ បណ្ឌិតមានី,         យូថស្ស បរិហារកោ;

សចិត្តស្ស វសំ គន្ត្វា,         សយេថាយំ យថា កបិ។

បុគ្គលល្ងង់ តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សាពួកក្រុម ជាអ្នកលុះអំណាចចិត្តរបស់ខ្លួន រមែងដេក (ស្លាប់) ដូចស្វានេះឯង ។

ន សាធុ ពលវា ពាលោ,         យូថស្ស បរិហារកោ;

អហិតោ ភវតិ ញាតីនំ,         សកុណានំវ ចេតកោ។

បុគ្គលល្ងង់មានកម្លាំង ជាអ្នករក្សាពួកក្រុម មិនប្រពៃទេ មិនមានសេចក្តីចម្រើន ដល់ពួកញាតិ ដូចទទាធា្នក់ មិនជាប្រយោជន៍ដល់ពួកសត្វស្លាប (ដែលជាញាតិ) ។

ធីរោវ ពលវា សាធុ,         យូថស្ស បរិហារកោ;

ហិតោ ភវតិ ញាតីនំ,         តិទសានំវ វាសវោ។

ឯបុគ្គលមានប្រាជា្ញ មានកម្លាំង រក្សាពួកក្រុមវិញ ទើបប្រពៃ រមែងចម្រើនដល់ពួកញាតិ ដូចជាវាសវៈ ទេវរាជ (ជាប្រយោជន៍) ដល់ពួកទេវតា ក្នុងឋានត្រៃត្រិង្ស ។

យោ ច សីលញ្ច បញ្ញញ្ច,     សុតញ្ចត្តនិ បស្សតិ;

ឧភិន្នមត្ថំ ចរតិ,             អត្តនោ ច បរស្ស ច។

បុគ្គលណាមួយឃើញថា ខ្លួនឯងមានសីលផង មានបញ្ញាផង មានសុតៈផង

(បុគ្គលនោះ) តែងប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួន និងអ្នកដទៃ ទាំងពីរ ។

តស្មា តុលេយ្យ មត្តានំ,         សីលបញ្ញាសុតាមិវ;

គណំ វា បរិហរេ ធីរោ,         ឯកោ វាបិ បរិព្ពជេ។

ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលបើគ្នេរគ្នាន់មើលខ្លួន មានសីល មានបញ្ញា និងសុតៈហើយ គប្បីថែរក្សាពួកក្រុម ក៏បាន គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ក៏បាន ។

ពាក្យថា បុគ្គលល្ងង់តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត សេចក្ដីថា បុគ្គលណាជាមនុស្សល្ងង់ តែសម្គាល់ខ្លួនថា អាត្មាអញជាបណ្ឌិត ហើយមិនធ្វើតាមឱវាទបណ្ឌិត លុះក្នុងអំណាចចិត្តរបស់ខ្លួន បុគ្គលនោះកាលលុះក្នុងអំណាចចិត្តរបស់ខ្លួនហើយ រមែងដេកស្លាប់ ដូចស្វាដែលប្រដៅក្រ ដេកស្លាប់នេះឯង ។

ព្រះមហាសត្វជាស្ដេចស្វាពោលកិច្ចដែលជាវិន័យនិងបរិយត្តិយ៉ាងនេះឯង ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា ទុព្ពចកបិ ទេវទត្តោ អហោសិ ស្វាប្រដៅក្រ ក្នុងកាលនោះ បានមកជាទេវទត្ត បរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទរបស់ស្វានោះ បានមកជាបរិស័ទរបស់ទេវទត្ត បណ្ឌិតកបិរាជា បន អហមេវ អហោសិំ ចំណែកស្ដេចស្វាដែលជាបណ្ឌិត គឺ តថាគត នេះឯង ។ កបិជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សត្តកនិបាត កុក្កុវគ្គ បិដកលេខ ៥៩ ទំព័រ ៨៦)

ថ្ងៃ អង្គារ ២ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ១១ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨

ដោយស.ដ.វ.ថ.

Post a Comment (0)
Previous Post Next Post