បួសលាលោកិយសិរីថ្កើងថ្កាន |
សម្លឹងខ្លួនឯងដើម្បីកែខៃ
មើលអ្នកដទៃដើម្បីសិក្សា
សម្លឹងខ្លួនឯងនឹកដល់មរណា
មើលសត្វលោកាមេត្តាអភ័យ។
មនុស្សល្អខ្ពង់ខ្ពស់ព្រោះសច្ចធម៌
ចេះមើលឃើញល្អគុណអ្នកដទៃ
បើមើលឃើញខុសចេះឲ្យអភ័យ
សង្គ្រោះលកលៃឲ្យន័យខ្លឹមសារ។
បើមានចំណេះតែចេះប្រជែង
ចង់លើកខ្លួនឯងមិនក្រែងអ្នកណា
ចេះតែប្រកែកជជែកតវ៉ា
ចេះអត់ខ្លឹមសារមរណាគុណធម៌។
សិក្សាបានខ្ពស់តែព្រោះតណ្ហា
ប្រព្រឹត្តហីនាដូចស្វាជាប់ជ័រ
ខុសក្នុងកាមគុណទារុណវឹកវរ
ឧបមាក្នុងធម៌ដូចត្មាតទាំងឡាយ។
សត្វត្មាតហើរខ្ពស់តែព្រោះហេតុឃ្លាន
ចុះមកបំពានដណ្ដើមប្រញាយ
ចឹកស៊ីសាកសពមិនចេះជិនណាយ
ដូចពាលទាំងឡាយមិនឆ្អែតនឹងបាប។
ចំណេះចេះដឹងគូនឹងគុណធម៌
គូគាប់បវរល្អជាដរាប
យកការចេះដឹងមកប្រឹងលះបាប
ខ្ពស់ហើយមិនទាបសំណាបយោងដី។
សំណាបយោងដីថាស្រីយោងប្រុស
ពាក្យនេះមិនខុសតាមប្រជាប្រិយ
បើពោលតាមធម៌បវរសួស្ដី
បួសលាលោកិយសិរីថ្កើងថ្កាន៕៚
ប.ស.វ.