មេថុនសូត្រ ទី៧

មេថុនសូត្រ ទី៧

គ្រានោះ ព្រាហ្មណ៍ឈ្មោះ​ជាណុស្សោណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ត្រេកអររីករាយ​នឹង​ព្រះដ៏មានព្រះភាគ លុះបញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យដែល​គួរ​រលឹក​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។

លុះ​ជាណុស្សោណិព្រាហ្មណ៍ អង្គុយ​ក្នុងទីសម​គួរហើយ បាន​ក្រាបបង្គំ​​ទូល​​ព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតម​ដ៏ចំរើន ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរឬ។ ព្រះអង្គ​ត្រាស់ថា ម្នាលព្រាហ្មណ៍ គេកាល​បើពោល​ត្រឹមត្រូវ គប្បីពោល​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិន​ពព្រុស។ ម្នាលព្រាហ្មណ៍ កាលគេ​ពោល​ដោយ​ត្រឹមត្រូវ គប្បី​ពោល​​ចំពោះ​​តថាគត​​នោះឯង​ថា ម្នាល​ព្រាហ្មណ៍ ព្រោះតថាគត ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។

បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះការ​ដាច់ក្តី ធ្លុះក្តី ពពាល​ក្តី ពព្រុស​ក្តី នៃ​ព្រហ្មចរិយធម៌ តើដូច​ម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុង​លោក​នេះ ជា​សមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ​ដោយប្រពៃ មិនបាន​​ប៉ះពាល់ នូវការប៉ះពាល់​ដោយបុគ្គលពីរ ៗ មួយអន្លើ​ដោយ​មាតុគ្រាម (សេពមេថុន) តែថា រមែង​ត្រេកអរ​នឹងការ​ដុសខាត់ នួត ងូត ច្របាច់​របស់​មាតុគ្រាម។

បុគ្គលនោះ រមែង​ត្រេកអរ​នឹងការ​ដុសខាត់​នោះ រីករាយ​នឹងការ​ដុសខាត់នោះ ដល់នូវ​សេចក្តី​ត្រេកអរ ដោយការ​ដុសខាត់​នោះ។ ម្នាលព្រាហ្មណ៍​ នេះឯងហៅថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មិន​បរិសុទ្ធ ជាអ្នក​ប្រកប​ដោយ​មេថុនសំយោគ រមែងមិន​ផុតចាក​ជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា រមែងមិនរួច​ចាក​​វដ្តទុក្ខ​​ឡើយ។

ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថា ជាអ្នក​ប្រព្រឹត្ត​ធម៌ដ៏​ប្រសើរ ដោយប្រពៃ រមែងមិន​ប៉ះពាល់ ចំពោះ​ការប៉ះពាល់ ដោយ​បុគ្គលពីរ ៗ មួយអន្លើ​ដោយមាតុគ្រាម ទាំងមិន​ត្រេកអរ​នឹងការដុស​ខាត់ នួត ងូត ច្របាច់ របស់​មាតុគ្រាម​ទេ តែថា រមែង​ចំអក​ឡកឡឺយ សើចក្អាក​ក្អាយ ជាមួយ​នឹង​មាតុគ្រាម។បេ។ បើមិន​ចំអកឡកឡឺយ សើច ក្អាកក្អាយ ជាមួយ​នឹងមាតុគ្រាម​ទេ រមែង​នៅមៀង​ភ្នែក​ដោយ​ភ្នែក ដៀង​ចំពោះ​មាតុគ្រាម បើមិនបាន​មៀងភ្នែក​ដោយភ្នែក ដៀង​ចំពោះ​មាតុគ្រាម​ទេ រមែង​ស្តាប់​សំឡេង​នៃមាតុគ្រាម កាល​សើចក្តី កាល​និយាយក្តី ច្រៀង​ក្តី យំក្តី ខាងក្រៅ​ជញ្ជាំង ឬខាង​ក្រៅកំពែង បើមិនស្តាប់​សំឡេង​នៃមាតុគ្រាម កាល​​សើចក្តី និយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅ​ជញ្ជាំង ឬខាង​ក្រៅ​កំពែង​ទេ តែថា រលឹក​រឿយ ៗ នូវហេតុ​ដែលធ្លាប់​សើច ធ្លាប់និយាយ ធ្លាប់​លេង ជាមួយ​នឹងមាតុគ្រាម ក្នុងកាល​ពីដើម បើមិនរលឹក​រឿយ ៗ នូវហេតុ ដែលធ្លាប់​សើច ធ្លាប់និយាយ ធ្លាប់លេង​ជាមួយ​នឹង​មាតុគ្រាម ក្នុងកាលពីដើមទេ តែថា រមែងឃើញ​នូវគហបតី ឬគហបតិ​បុត្រ ដែលស្កប់​ស្កល់ មូលមិត្រ បម្រើដោយ​កាមគុណ​ទាំង ៥ បើមិនបាន​ឃើញនូវ​គហបតី ឬគហបតិ​បុត្រ ដែលស្កប់​ស្កល់ មូលមិត្រ បម្រើ​ដោយកាម​គុណ​ទាំង ៥ ទេ តែថាប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីប្រាថ្នា​នូវទេពនិកាយ​ណាមួយ​ថា អញសុំឲ្យ​បានជាទេវតា ទោះជាទេវតា​ណាមួយ ដោយសីល​នេះផង ដោយវត្ត​នេះផង ដោយ​តបធម៌​នេះផង ដោយព្រហ្ម​ចរិយធម៌ផង។ បុគ្គលនោះ រមែងត្រេកអរ​នឹងធម៌នោះ រីករាយ​នឹងធម៌នោះ ដល់នូវ​សេចក្តី​ត្រេកអរ​ចំពោះធម៌នោះ។

ម្នាលព្រាហ្មណ៍ នេះឈ្មោះថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុស​ផង នៃ​ព្រហ្មចរិយធម៌ ម្នាល​ព្រាហ្មណ៍ បុគ្គល​នេះ​ហៅថា ប្រព្រឹត្ត​ព្រហ្មចរិយធម៌​មិនបរិសុទ្ធ ជាអ្នក​ប្រកបដោយ​មេថុនសំយោគ រមែង​មិនរួច​ចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគត​ហៅថា មិនរួចចាក​វដ្តទុក្ខ​ឡើយ។

ម្នាលព្រាហ្មណ៍ បណ្តា​មេថុនសំយោគ​ទាំង ៧ យ៉ាងនេះ តថាគត​ឃើញច្បាស់ នូវ​មេថុនសំយោគ​​ណា​មួយ ក្នុងខ្លួន​ដែលមិន​ទាន់លះបង់​ដរាបណា ម្នាលព្រាហ្មណ៍ តថាគត​​មិនទាន់​ប្តេជ្ញា​​ថា ជា​អ្នកត្រាស់​ដឹង នូវ​សម្មាសម្ពោធិញ្ញាណ​ដ៏ប្រសើរ ក្នុងលោក​ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំង​សមណព្រាហ្មណ៍ និង​មនុស្ស​ជា​សម្មតិទេព និង​​មនុស្ស​​ដ៏សេស ដរាបនោះ​ដែរ ម្នាលព្រាហ្មណ៍ បណ្តា​មេថុនសំយោគ​ទាំង ៧ យ៉ាងនេះ តថាគត​មិនឃើញច្បាស់ នូវ​មេថុនសំ​យោគ​​ណាមួយ​ក្នុងខ្លួន ដែលមិន​លះបង់​​ក្នុង​កាល​​ណា​ទេ ម្នាលព្រាហ្មណ៍ តថាគត​​ក៏ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវ​សម្មាសម្ពោធិញ្ញាណ​​ដ៏ប្រសើរ ក្នុងលោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ និងមនុស្ស​​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ក្នុងកាល​​នោះ​ដែរ។

លុះតែបញ្ញា​ដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់​តថាគត​ដូច្នេះថា ការរួចស្រឡះ​របស់តថាគត មិនកម្រើក ជាតិនេះ​ជាទីបំផុត ភពថ្មី​ទៀត​មិនមាន​ឡើយ។ កាលព្រះសម្ពុទ្ធ ទ្រង់តា្រស់​យ៉ាងនេះហើយ ជាណុស្សោណិ​ព្រាហ្មណ៍ បានក្រាប​បង្គំទូល​​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់​ណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ចាំនូវខ្ញុំ​ព្រះអង្គ​ថាជា​ឧបាសក​អ្នកដល់​នូវ​សរណគមន៍ ស្មើដោយ​ជីវិត ចាប់ដើម​អំពីថ្ងៃនេះតទៅ។

បិដកភាគ ៤៧ ទំព័រ ១០១ ឃ្នាប ៤៧

 

Post a Comment (0)
Previous Post Next Post