វិសាខាសូត្រ ទី ៣ |
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅនាប្រាសាទមិគារមាតា
ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ គ្រានោះ នាងវិសាខាជាមិគារមាតា
ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ
ហើយអង្គុយក្នុងទីសមគួរ។ លុះវិសាខា ជាមិគារមាតា អង្គុយក្នុងទីសមគួរហើយ
ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូចនេះថា ម្នាលវិសាខា ឧបោសថ ប្រកបដោយអង្គ ៨
ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន
មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។
ម្នាលវិសាខា ចុះឧបោសថ ប្រកបដោយអង្គ ៨ ប្រការ
ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន
មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលវិសាខា អរិយសាវក
ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត
មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប
មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត
ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ
មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត
មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះដែរ
យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។
ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ
លះបង់នូវសេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់
និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី
លើកម្រាលដែលគេធ្វើដោយស្មៅក្តី ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ
លះបង់សេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់
និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាល
ដែលគេធ្វើដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង
ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។
ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលវិសាខា ឧបោសថ ប្រកបដោយអង្គ ៨
ប្រការ ដែលបុគ្គលចាំរក្សាយ៉ាងនេះហើយ រមែងមានផលច្រើន មានអានិសង្សច្រើន
មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន
ដូចម្តេច មានសេចក្តីរុងរឿងច្រើន ដូចម្តេច មានសេចក្តីផ្សាយទៅច្រើន ដូចម្តេច។
ម្នាលវិសាខា ប្រៀបដូចបុគ្គលសោយរាជ្យ ជាឥស្សរាធិបតីនៃមហាជនបទ ទាំង ១៦ នេះ
ដែលជាជនបទសម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះអង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ
១ វជ្ជី ១ មល្លៈ ១ ចេតី ១ វំសៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១
អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃមហាជនបទទាំងនុ៎ះ មិនដល់នូវចំណិត ១
ក្នុងចំណិត ទី១៦ ៗ លើកនៃឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ
ព្រោះហេតុអ្វី។
ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្ស ជារបស់ស្តួចស្តើង
ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ។ ម្នាលវិសាខា ៥០ឆ្នាំរបស់មនុស្ស
ត្រូវជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិកទេវតា រាប់រាត្រីនោះបាន ៣០រាត្រី
ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ
ត្រូវជាប្រមាណនៃអាយុរបស់ពួកចាតុម្មហារាជិកទេវតា។ ម្នាលវិសាខា ហេតុនេះ
រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ
ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកចាតុម្មហារាជិកទេវតា។
ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង
ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ដែលតថាគតសំដែងហើយ
ព្រោះអាស្រ័យហេតុនេះ។ ម្នាលវិសាខា ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ
របស់ពួកតាវត្តិង្សទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន
១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ
ត្រូវជាប្រមាណនៃអាយុរបស់តាវត្តិង្សទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន
ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ
លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកើតជាមួយនឹងពួកតាវត្តិង្សទេវតា។
ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ស្តួចស្តើង
ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសំដែងហើយ
ព្រោះអាស្រ័យហេតុនេះ។ ម្នាលវិសាខា ២០០ឆ្នាំរបស់មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។
៨០០ឆ្នាំ។បេ។ ១៦០០ ឆ្នាំ ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកបរនិម្មិតវសវត្តីទេវតា
រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ
រាប់ឆ្នាំនោះបាន ១៦០០០ (មួយហ្មឺនប្រាំមួយពាន់) ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុ
របស់ពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ
ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ
រមែងទៅកើតជាមួយនឹងពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលវិសាខា
រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង
ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសំដែងហើយ
ព្រោះអាស្រ័យហេតុនេះ។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់យកវត្ថុដែលគេមិនបានឲ្យ
១ មិនគប្បីពោលពាក្យកុហក ១ មិនគប្បីផឹកទឹកស្រវឹង ១
គប្បីវៀរចាកការប្រព្រឹត្តិមិនប្រសើរ គឺមេថុន ១ មិនគប្បីបរិភោគភោជន
ក្នុងវេលារាត្រី និងក្នុងវេលាវិកាល ១ មិនគប្បីទ្រទ្រង់នូវផ្កាកម្រង
មិនគប្បីប្រស់ព្រំដោយគ្រឿងក្រអូប ១ គប្បីដេកលើគ្រែ លើផែនដី ឬលើកម្រាល ១
ព្រះពុទ្ធ ព្រះអង្គដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសហើយ
នូវឧបោសថប្រកបដោយអង្គ ៨ ប្រការនេះឯង សភាវៈទាំងឡាយពីរ គឺព្រះចន្ទ ១
ព្រះអាទិត្យ ១ ជាសភាវៈល្អមើល កាលបំភ្លឺលោក រមែងចរទៅ អស់ទីត្រឹមណា ព្រះចន្ទ
និងព្រះអាទិត្យទាំងនោះ ដែលកំចាត់បង់នូវងងឹត ចរទៅក្នុងអាកាស
ញុំាងទិសឲ្យរុងរឿងភ្លឺច្បាស់ ក្នុងអាកាស អស់ទីត្រឹមនោះ ទ្រព្យណា
មានក្នុងចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យដ៏ល្អក្តី
មាសឈ្មោះសិង្គីក្តី ឈ្មោះសុវណ្ណក្តី ឬមាសឈ្មោះកាព្ចានៈក្តី ឈ្មោះជាតរូបក្តី
ឈ្មោះហដកៈក្តី ទ្រព្យទាំងអម្បាលនោះ មិនដល់នូវចំណិត ១ ក្នុងចំណែក ១៦ ៗ លើក
នៃឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការឡើយ ដូចជាពួកផ្កាយទាំងអស់ មិនដល់នូវពន្លឺ
នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល
គួរចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា
បំពេញនូវបុណ្យ ដែលមានសេចក្តីសុខជាកម្រៃ រមែងចូលទៅកាន់ឋានសួគ៌បាន។
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)