ខុរប្បជាតក

ខុរប្បជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ទិស្វា ខុរប្បេ ដូច្នេះជាដើម ។

ព្រះបរមសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកលះបង់សេចក្ដីព្យាយាមមែនឬ ?  កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនាដែលជានិយ្យានិកយ៉ាងនេះហើយ ហេតុអ្វី បានជាអ្នកលះបង់សេចក្ដីព្យាយាមទៅវិញបោរាណកបណ្ឌិតទាំងឡាយ ធ្វើការព្យាយាមក្នុងឋានដែលមិនសមគួរ គេក៏នៅតែមិនលះបង់សេចក្ដីព្យាយាមចោលដែរ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា៖

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នករក្សាព្រៃ លុះចម្រើនវ័យធំឡើងហើយ មានបុរស ៥០០ ជាបរិវារ ជាធំជាងអ្នករក្សាព្រៃទាំងឡាយ សម្រេចការនៅក្នុងស្រុកមួយក្បែរមាត់ព្រៃ ។ លោកទទួលប្រាក់ស៊ីឈ្នួល ជូនមនុស្សឆ្លងកាត់ព្រៃ ។ វេលាខាងក្រោយមក ក្នុងថ្ងៃមួយ សត្ថវាហបុត្រ ( កូនឈ្មួញរទេះ ) នៅនគរពារាណសីម្នាក់ ដឹកនាំរទេះ ៥០០ ទៅដល់ស្រុកនោះ ហើយហៅព្រះពោធិសត្វមកនិយាយថា ម្នាលសម្លាញ់ អ្នកចូរទទួលយកប្រាក់មួយពាន់ ហើយសូមចម្លងខ្ញុំឲ្យឆ្លងផុតអំពីដងព្រៃនេះ ។ ព្រះពោធិសត្វក៏ព្រមទទួលថា ល្អ ហើយកាន់យកប្រាក់មួយពាន់ពីដៃសត្ថវាហបុត្រ កាលដែលលោកទទួលថ្លៃឈ្នួលនោះហើយ (លោកក៏តាំងចិត្ត) លះបង់ជីវិតដល់កូនឈ្មួញរទេះនោះ រួចលោកនាំកូនឈ្មួញរទេះ ចូលទៅកាន់ព្រៃ ។

មានចោរ ៥០០ តាំងឡើងក្នុងកណ្ដាលដងព្រៃ បុរសដ៏សេសឃើញពួកចោរហើយ នាំគ្នាដេកក្រាបលើប្រឹថពីដោយទ្រូង នៅសល់តែប្រធានអ្នករក្សាម្នាក់ប៉ុណ្ណោះ លោកស្រែកសន្ធាប់បន្លឺសំឡេង វាយប្រហារ ធ្វើឲ្យពួកចោររត់បាត់អស់ ហើយជូនសត្ថវាហបុត្រឲ្យឆ្លងផុតពីផ្លូវកន្តារៈ ដោយសួស្ដី ។

សត្ថវាហបុត្រលុះបានរួចផុតពីចោរភ័យហើយ ក៏ដាក់រទេះឈប់នៅតំបន់មួយ អញ្ជើញព្រះពោធិសត្វបរិភោគភោជនាហារមានឱជារសឆ្ងាញ់ផ្សេង ៗ សូម្បីខ្លួនឯងបរិភោគអាហារព្រឹកហើយ អង្គុយជាសុខ ចរចាមួយអន្លើដោយព្រះពោធិសត្វថា ម្នាលសម្លាញ់ ក្នុងកាលដែលពួកចោរ សុទ្ធតែជាអ្នកកាចឃោឃៅ កាន់អាវុធ ស្ទុះចូលមកប្លន់រទេះនោះ ហេតុដូចម្ដេចបានជាអ្នកគ្មានសេចក្ដីភិតភ័យតក់ស្លុតសោះ ដូច្នេះហើយកាលនឹងសួរ ទើបពោលគាថាទី ១ ថា៖

ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ;

តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, កស្មា នុ តេ នាហុ ឆម្ភិតត្តំ។

អ្នកឃើញនូវព្រួញដែលពួកចោរបាញ់ហើយដោយកម្លាំងនៃធ្នូផង នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយផង កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនៅចំពោះមុខហើយ ហេតុអ្វី អ្នកមិនមានសេចក្ដីតក់ស្លុតសោះ ។

ប្រធានអ្នករក្សាស្ដាប់ពាក្យនោះហើយ ទើបពោល ២ គាថា ថា៖

ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ;

តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, វេទំ អលត្ថំ វិបុលំ ឧឡារំ។

ខ្ញុំឃើញនូវព្រួញដែលបាញ់ហើយ ដោយកម្លាំងនៃធ្នូ នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយ កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនូវចំពោះមុខ ខ្ញុំក៏ត្រឡប់បានសេចក្ដីត្រេកអរច្រើន ដ៏លើសលុប ។

សោ វេទជាតោ អជ្ឈភវិំ អមិត្តេ, បុព្ពេវ មេ ជីវិតមាសិ ចត្តំ;

ន ហិ ជីវិតេ អាលយំ កុព្ពមានោ, សូរោ កយិរា សូរកិច្ចំ កទាចិ។

ខ្ញុំនោះមានសេចក្ដីត្រេកអរ បានគ្របសង្កត់នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបានលះបង់ជីវិតមុនហើយ ព្រោះថា បុគ្គលអ្នកក្លៀវក្លា កាលធ្វើសេចក្ដីអាល័យក្នុងជីវិត គប្បីធ្វើនូវកិច្ចរបស់អ្នកក្លៀវក្លា ក្នុងកាលណា ៗ មិនបានទេ ។   

ព្រះពោធិសត្វនោះសំដែងភាពដែលខ្លួន ជាអ្នកមានសេចក្ដីក្លាហាន មិនអាឡោះអាល័យជីវិត ប្រាប់សត្ថវាហបុត្រដូច្នោះហើយ ក៏បញ្ជូនសត្ថវាហបុត្រឲ្យទៅ ហើយលោកវិលមកកាន់ស្រុកខ្លួនវិញ បានធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយក៏ទៅតាមយថាកម្ម ។

ព្រះសាស្ដានាំព្រះធម្មទេសនាមកហើយ ទ្រង់ប្រកាសអរិយសច្ច និងប្រជុំជាតក លុះចប់អរិយសច្ច ភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត ។

តទា អារក្ខកជេដ្ឋកោ អហមេវ អហោសិំ អ្នករក្សាជាប្រធានក្នុងកាលនោះ គឺតថាគតនេះឯង ។ ខុរប្បជាតកជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ

ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥១)

ថ្ងៃសុក្រ ១០ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ១៩ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨

ដោយស.ដ.វ.ថ.

Post a Comment (0)
Previous Post Next Post