សេចក្តីសុខ៤យ៉ាងរបស់អ្នកមានផ្ទះ

សេចក្តីសុខ៤យ៉ាងរបស់អ្នកមានផ្ទះ

អត្តិ​សុខ សុខ​កើត​អំ​ពី​ការ​មាន​ទ្រព្យ

អត្តិ​សុខ បាន​សេចក្តី​ថា យើង​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ ការ​មាន​ទ្រព្យ​ចាត់​ថា​ជា​សេចក្តី​សុខ​មួយ​យ៉ាង​សំ​ខាន់ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន គ្រប់​ពេល​វេ​លា បើ​មិន​មាន​ទ្រព្យ​ហើយ សេចក្តីសុខ​ក៏​គ្មាន​ដែរ តែ​ក៏​គប្បី​យល់​ដែរ​ថា ការ​បាន​ទ្រព្យ​នោះ​មិនមែន​បាន​មក​ដោយ​ងាយ ៗ ឬ ដោយ​លួច​ប្លន់ ឆក់​ ដណ្តើម កេង​ប្រ​វ័ញ្ជ​គេ​នោះ​ទេ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​​សេចក្តី​ខ្នះ​ខ្នែង​ដោយ​កម្លាំង​ដៃ មាន​ញើស​ហូរ​ចេញ​គូប​ផ្សំ​នឹង​បញ្ញា​របស់​យើង ដែល​បាន​សិក្សា​មក​ហើយ​រហូត​មាន​ជំ​នាញ​ក្នុង​ការ​ងារ​រក​ស៊ី​គ្រប់​មុខ ឬ មុខ​របរ​ណាមួយដែល​សមត្ថ​ភាព​យើង​អាច​ធ្វើ​បាន ហើយទ្រព្យ​នោះ​ឯង យើង​តែង​បាន​មក​ដោយ​ធម៌​សុច​រិត​ទៀង​ត្រង់ ធ្វើ​ឲ្យ​យើង​មាន​សុខ​សោមនស្ស​ថា ទ្រព្យ​ទាំង​ឡាយ ដែល​បាន​មក​ដោយ​សេចក្តី​ព្យាយាម​របស់​យើង ជា​ទ្រព្យ​ប្រ​កប​ដោយ​ធម៌ បាន​មក​ដោយ​ធម៌ របស់​អាត្មា​អញ​ មិនមែន​បាន​មក​ដោយ​ទុច្ច​រិត​នោះ​ទេ នេះ​ហៅ​ថា អត្ថិ​សុខ ។

ភោគ​សុខ សុខ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ

ភោគ​សុខ មាន​ន័យ​ថា សុខ​កើត​ពី​ការ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ ដែល​ខ្លួន​រកបាន​មក​នោះ ត្រូវ​បែង​ចែក​ទៅ​ក្នង​ផ្លូវ​ជា​កុ​សល​ដូច​ជា​ចិញ្ចឹម​មាតា​បិ​តា បុត្រ​ភរិយា ទាសា ទាសី កម្មករ​ដែល​រួម​រស់​ក្នុងបន្ទុក​របស់​ខ្លួន​ឲ្យ​មាន​សេចក្តី​សុខ ព្រោះ​អាស្រ័យ​ទ្រព្យ​ដែល​ខ្លួន​មាន​នោះ ។ ម៉្យាង​ទៀត ចេះ​ចែក​រំ​លែក​ឲ្យ​ទាន​ដល់​បព្វ​ជិត​អ្នក​បួស និង​អ្នក​កម្សត់​ទុ​គ៌ត​ ហៅ​ថាធ្វើ​បុណ្យ ។ ត្រូវ​ចៀស​វាង​យ៉ាង​ដាច់​ខាត នូវ​ការ​ប្រើ​ប្រាស់​ទ្រព្យ​ក្នុងផ្លូវ​ខុស គឺ ចំ​ណាយ​ទៅ​លើ​ស្រី ស្រា ល្បែង ជា​អំពើ​អបាយ​មុខ នាំ​ឲ្យ​វិនសា​ទ្រព្យ​សម្បត្តិ ។

អនណសុខ មាន​សេច​ក្តី​ថា​ សុខ​កើត​ពី​ការ​មិន​ជាប់​ជំ​ពាក់​បំ​ណុល​គេ​ធម្ម​តា​អ្នក​ជាប់​ជំ​ពាក់​បំ​ណុល​គេ​ ទោះ​តិច​ក្តី​ច្រើន​ក្តី​តែង​មាន​សេចក្តី​ទុក្ខ​ព្រួយ​ភ័យ​ខ្លាច​ក្នុង​ចិត្ត​ជា​និច្ច ក្រែង​ម្ចាស់​បំ​ណុល​គេ​មក​តឿន​ទារ ។ ឯ​អ្នក​មិន​ជាប់​បំ​ណុល​គេ​នេះ តែង​មាន​សេចក្តី​សុខ​សោមនស្ស​ដូច្នេះ​ថា អា​ត្មា​អញ​មិន​ជំ​ពាក់​បំ​ណុល​ ទោះ​តិច​ក្តី ច្រើន​ក្តី របស់​បុគ្គល​ណា​មួយ​ឡើយ នេះ​ហៅ​ថា អន​សុខ ។

អន​វជ្ជ​សុខ មាន​ន័យ​ថា សុខ​កើត​ពី​ការ​ងារ​ប្រាស​ចាក​ទោស រាល់ការ​ងារ​ដែល​យើង​ប្រ​កប​ក្នុង​ការ​រក​ស៊ីចិញ្ចឹម​ជី​វិត​សព្វ​ថ្ងៃ មាន​ការ​ងារ​ខ្លះ​អាច​ផ្តល់​ទោស​កំ​ហុស​ដល់​អ្នកធ្វើ​ដូចជា​ត្រូវ​ចូក​គុក ជាប់​ច្រ​វាក់ និង​ត្រូវ​គេ​ដាក់​ទោស​ទណ្ឌ​កម្ម​ផ្សេង ៗ ផល​ទាំង​អស់​នេះ​បណ្តាល​មក​ពីរ​ការ​ងារ​មិន​សុច​រិត ។ បុគ្គល​អ្នក​ប្រាថ្នា​សេចក្តីសុខ ត្រូវ​វៀរ​ចាក​ការ​សម្លាប់​ ការ​លួច ឆក់ ប្លន់ ការ​ប្រ​ព្រឹត្ត​ខុស​ក្នុង​កាម​ និយាយ​កុ​ហក ផឹក​ទឹក​ស្រ​វិង ហើយ​បែរ​មក​ប្រកប​ធម៌​ល្អ មាន​ការ​ស្រឡាញ់​ចំ​ពោះ​មនុស្ស​និង​សត្វ​ទូ​ទៅ រក​ស៊ី​ក្នុង​ផ្លូវ​សុច​រិត ត្រេក​អរ​តែ​នឹង​ភរិយា​របស់​ខ្លួន មាន​ភាព​ស្មោះ​ត្រង់​ចំ​ពោះគ្នា​នឹង​គ្នា​ចម្រើន​សតិ​វៀរ​ចាក​គ្រឿង​ស្រ​វឹង និង​ការ​ងារ​ឲ្យ​ស្អាត​ដោយ​កាយ ដោយ​វា​ចា និង​ដោយ​ចិត្ត ការ​ពិចារណា​ឃើញ​អំពើ​ដែល​ខ្លួន​ធ្វើ​សុទ្ធ​តែ​ល្អ ដូច្នេះ​ចិត្ត​ក៏​រមែង​​ត្រេក​អរ​រីក​រាយ​អ្នក​ដទៃ​ក៏​រាប់​អាន​ស្រឡាញ់​ចូល​ចិត្ត សេចក្តី​សុខ​សោមនស្ស​ក៏​កើត​ឡើង​ព្រោះ​ការ​ងារ​មិនមាន​ទោស​យ៉ាង​នេះ ។ យើង​ជា​អ្នក​ស្រឡាញ់​កិត្តិយស​កេរ្តិ៍​ឈ្មោះ យើង​ត្រូវ​តែ​ជា​អ្នក​មាន​កាយ​កម្ម​ សុច​រិត​កម្ម វចី​កម្ម​សុចរិត មនោ​កម្ម​សុច​រិត ។ នៅ​ក្នុង​អដ្ឋ​កថា​មនោរថ​បូរណី អដ្ឋ​កថា​ចារ្យ​សម្តែង​ថា សុខ​បី​ខាង​ដើម​មិន​បាន​ចម្រៀក​ទី​ ១៦ នៃ​សុខ ដែល​កើត​អំ​ពី​ការ​ងារ​ប្រាស​ចាក​ទោស​ឡើយ ។

ព្រោះ​ហេតុ​នោះ សូម្បី​តែ​យើង​មិនមាន​ទ្រព្យ​សម្បត្តិ​ជា​សុខ​ក៏​ដោយ ក៏​យើង​មិន​ត្រូវ​ទៅ​ធ្វើ​អំ​ពើ​លាមក​មាន​​លួច​ប្លន់​ជា​ដើម​ឡើយ យើង​ត្រូវ​គិត​ឃើញ​ថា ទ្រព្យ​ដែល​មាន​វា​កើត​មក​អំពី​បុណ្យ បើ​យើង​ខ្វះ​បុណ្យ​ហើយ តើ​ទ្រព្យ​សម្បត្តិ​បាន​អំ​ពី​ទី​ណា ។ កាល​ណា​យើង​ក្រ យើង​មិន​ត្រូវ​រវើ​រវាយ​ចិត្ត​ពេក​ទេ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ហើយ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ដោយ​បញ្ញា​របស់​យើង ។

ដកស្រង់ចេញពីសៀវភៅៈ  ចិញ្ចឹមកូន​តាម​គន្លង​ធម៌

រៀបរៀងដោយៈ   ឧបាសក វ៉ាន់ ចាន់​វ៉ែន

វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

Post a Comment (0)
Previous Post Next Post