បុណ្យកេីតអំពីការរក្សាសីល

បុណ្យកេីតអំពីការរក្សាសីល

 

សីលមយៈ (បុណ្យកើតអំពីការរក្សាសីល)
ក្នុងអដ្ឋកថាបរមត្ថទីបនីថា ពាក្យថា សីលមយៈ បានដល់ចេតនាដែលប្រព្រឹត្តទៅហើយដល់​បុគ្គលអ្នកសមាទានសីល ៥ សីល ៨ ឬសីល ១០ ដោយអំណាចនៃការកំណត់ឲ្យជានិច្ច​សីល និង ឧបោសថសីលជាដើម ឬអ្នកគិតថា យើងនឹងបួសដើម្បីបំពេញសីលឲ្យបរិបូរណ៌ ហើយទៅកាន់វិហារបួស និងញាំងមនោរថឲ្យដល់ទីបំផុតរលឹកថា យើងបួស​ហើយ​​ជាការល្អ ហើយអប់រំបំពេញបាតិមោក្ខសំវរសីលឲ្យបរិបូរណ៌ដោយសទ្ធា ពិចារណាបច្ច័យ ៤ មានចីវរជាដើម ដោយបញ្ញាសង្រួមចក្ខុទ្វារជាដើម ក្នុងរូបជាដើមដែលមកកាន់កន្លងដោយសតិ និងជម្រះអាជីវបារិសុទ្ធិសីលដោយសេចក្តីព្យាយាម រមែងតាំងមាំ ព្រោះដូច្នោះចេតនានោះ ទើបឈ្មោះថា បុញ្ញកិរិយាវត្ថុសម្រេចដោយសីល។

ម្យ៉ាងទៀត កាលឲ្យទានដោយតាំងនៅក្នុងវត្តបដិបត្តិ បុញ្ញកិរិយាវត្ថុ ជាសីលមយៈ ។ ក្នុងបរមត្ថជោតិកថាៈ សីល សម្តែងវចនត្ថៈថា៖
 សីលយតិ កាយវចីកម្មនា សម្មា ទហតីតិ=សីលំ ធម្មជាតិណារមែងធ្វឲ្យកាយកម្ម និងវចីកម្មតាំងទុកដោយល្អដូច្នោះធម្មជាតិនោះឈ្មោះថា សីល, បានដល់ កិរិយារួបរួមទុកនូវកម្មទាំងឡាយ មានកាយកម្មជាដើម មិនរាត់រាយដោយអំណាចភាវៈនៃបុគ្គលអ្នកមានសីល ឬកិរិយាចូលទៅទ្រទ្រង់ទូទៅដោយអំណាចនៃកិរិយាស្ថាននៃធម៌ទាំងឡាយ ជាកុសលម្យ៉ាង ដើម្បីឲ្យកុសលកើត, ទានចេតនា គឺចេតនាដែលទាក់ទងនឹងការបរិច្ចាគទាន សីលចេតនាគឺចេតនាដែលទាក់ទងនឹងការរក្សាសីលទាំងនេះ កើតឡើងដល់ព្រះអរហន្តទាំងឡាយក៏មាន តែចេតនាទាំងនេះនៅក្នុងមហាកិរិយាចិត្តុប្បាទទាំងអស់។

សេចក្តីនេះអធិប្បាយថា ពាក្យថា សីលនោះ ជាតួចេតនាដែលមានការជំរុញនូវកាយ វាចា ឲ្យតាំងនៅក្នុងកិរិយាមារយាទដែលល្អទាំងបិទចន្លោះមិនឲ្យអកុសលផ្សេងៗ ដោយអំណាចកាយទុច្ចរិត វចីទុច្ចរិតប្រាកដឡើងបាន សេចក្តីនេះសម្តែងឲ្យដឹងបានថា សីលនោះមាននាទីរក្សាកាយ វាចាមិនឲ្យប្រព្រឹត្តទៅក្នុងទុច្ចរិតដែលកើតមកអំពីអកុសលផ្សេងៗប៉ុណ្ណោះ, ចំណែកការរក្សាផ្លូវចិត្តដើម្បីមិនឲ្យមនោទុច្ចរិតផ្សេងៗកើតឡើងនោះជានាទីរបស់ភាវនាដោយចំពោះ។ 

វចនត្ថៈមួយទៀតថា សីលយតិ កុសលធម្មេ ឧបធារេតីតិ=សីលំ ធម្មជាតិណារមែងទ្រទ្រង់ទុកនូវកុសលធម៌ មានសមាធិ បញ្ញានិងវិមុត្តិជាដើម ដូច្នោះធម្មជាតិនោះ ឈ្មោះថា សីល។
អធិប្បាយថា សីលចេតនា គឺការរក្សាសិក្ខាបទផ្សេងៗ មានបាណាតិបាត វិរតិជាដើមទាំងនេះ អាចឲ្យសមាធិបញ្ញា និងមគ្គផលកើតឡើងបាន ឧបមាដូចជាផ្ទៃផែនដី ដែលជាទីអាស្រ័យរបស់វត្ថុផ្សេងៗ ទាំងមានជីវិត និងមិនមានជីវិត បើខ្វះផែនដីដែលជាទីអាស្រ័យហើយវត្ថុផ្សេងៗទាំងមានជីវិត និងមិនមានជីវិតទាំងឡាយនោះ ក៏រមែងកើតឡើង និងចម្រើនឡើងមិនបាន សេចក្តីឧបមានេះយ៉ាងណា សមាធិ បញ្ញា មគ្គផល ទាំងនេះរមែងអាស្រ័យកើត​ឡើង​ បើវៀរចាកសីលកុសលចេញ ហើយវត្ថុ (ធម៌) ទាំងនេះ រមែងកើតឡើងមិនបាន។

ដូច្នេះ ព្រះមានព្រះភាគជាម្ចាស់ ទើបវិសជ្ជនាសេចក្តីសម្គាល់របស់សីល ក្នុងការបដិបត្តិ​ដើម្បី​ផុតចាកទុក្ខ ដែលមានសេចក្តីវិលវល់ ដោយលំបាក ទាំងខាងក្នុងទាំងខាងក្រៅហើយចូល​កាន់ព្រះនិព្វាននោះថា៖
 សីលេ បតិដ្ឋាយ នរោ សបញ្ញោ ចិត្តំ បញ្ញពា្ច ភាវយំ អាតាបី និបកោ ភិក្ខុ សោ ឥមំ វិជដយេ ជដំ។ នរជនមានប្រាជ្ញា បានតាំងមាំក្នុងសីលហើយ ចម្រើននូវ សមាធិ ចិត្តនិងវិបស្សនា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ប្រកប​ដោយ​បារិហារិយប្បញ្ញា ជាអ្នកឃើញភ័យក្នុងសង្សារ បុគ្គលនោះ ទើបកាប់ឆ្កានូវតណ្ហាជាគ្រឿងចាក់ស្រែះនេះបាន។

ក្នុងគាថានេះសម្តែងអំពីធម៌៦យ៉ាង គឺ សីល ១ សមាធិ ១ បញ្ញា ៣ អាតបៈ គឺសេចក្តីព្យាយាម ១។
-បញ្ញា ៣
គឺសជាតិប្បញ្ញា បញ្ញាជាប់មកជាមួយនឹង បដិសន្ធិជាត្រៃហេតុ កើតអំពីកម្មចាស់ដែលបានកសាងទុកមកក្នុងអតីតជាតិ ១។
-វិបស្សនាបញ្ញា បញ្ញាសម្រេចមកអំពីការពិចារណាឃេីញតាមការណ៍ពិត ក្នុងបច្ចុប្បន្ន ១,
-នេបកប្បញ្ញា បញ្ញា ដែលរក្សាខ្លួនទុក ចាកធម៌ដែលជាសត្រូវ ឬបារិហារិកប្បញ្ញា បញ្ញាដែលអាចកំណត់នូវកិច្ចទាំងពួងមានកិរិយាឈានចូល និងឈានថយជាដើម ហើយនាំទៅកាន់តែអំពើដែលមានប្រយោជន៍ តែងប្រកបមិនដាច់ក្នុងកិរិយារក្សាទុកនូវកម្មដ្ឋាន ១។
ក្នុងគាថានេះ នរជននេះដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងថា ប្រកបដោយបញ្ញាដូច្នេះ ដោយបញ្ញាញាណ កិច្ចដែលនរជននោះ គប្បីធ្វើមិនមានក្នុងបញ្ញានោះ។ ព្រោះថា បញ្ញានោះសម្រេចហើយដល់បុគ្គលនោះ ដោយអានុភាពនៃកម្មដែលមានមកក្នុងកាលមុនតែម្យ៉ាង ។ ក៏នរជននោះដែលជាអ្នកធ្វើរឿយៗ និងជាអ្នកធ្វើនូវការដឹងខ្លួនដោយអំណាចនៃវិរិយៈ ដោយអំណាចនៃបញ្ញាដែលព្រះអង្គទ្រង់សម្តែងត្រង់បទនេះថា អ្នកមានអាតបៈ គឺសេចក្តីព្យាយាម, អ្នកមាននេបកៈ គឺបញ្ញាចាស់ក្លា, ដូច្នេះគប្បីប្រតិស្ថានក្នុងសីល ហើយចម្រើននូវសមថៈ ដូច្នេះគប្បីប្រតិបត្តិ វិបស្សនា ដែលព្រះអង្គទ្រង់សម្តែងដោយអំណាចនៃចិត្ត និងបញ្ញា ។

ចាកពីសៀវភៅ»សីលមយៈ
ដោយ៖ (ព្រះភិក្ខុសីលប្បញ្ញ
ឆៃ សុផល្លី)
វត្តនិគ្រោធវ័ន គល់ទទឹង
…………………
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ(ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង)។

 


Post a Comment (0)
Previous Post Next Post