ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក

ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក

 

ទោសៈនេះខ្លាំងកម្លាំងក្រៃលែង តែឲ្យដុះវែងគ្មានអ្វីខ្លាំងដូច ត្រូវកាត់ពីតិចត្រូវក្តិចពីតូច ត្រូវរត់ឲ្យរួចពីទោសដែលខឹង ។ អ្នកប្រាជ្ញបុរាណតែងឲ្យដំណឹង ថាបើមិនខឹងទើបហៅខន្តី ឲ្យគេឈ្នះចុះយើងកុំខ្មាសអ្វី  មិនខឹងមិនស្តីខន្តីបានយើង ។ ខន្តីជាទ្រព្យគួរគាប់ថ្កុំថ្កើន លើសទ្រព្យកើតឡើងក្នុងលោកទាំងមូល ខន្តីជាប្ញសដុះជាបណ្តូល ខន្តីជាមូលមេធម៌ទាំងអស់ ។

អ្នកមានខន្តីជាអ្នកមានមេត្តា ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី អ្នកមានខន្តី រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។ ខន្តី ជាហេតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នោះ តែងចម្រើនដោយសេចក្តីអត់ធន់មែនពិត។

ខន្តី តែងកាត់បង់បាននៅប្ញសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ឈ្មោះថា​ជីក​រំលើងនូវប្ញសនៃទោសទាំងឡាយ មានពាក្យតិះដៀលនិងការឈ្លោះប្រកែកជាដើម។  ខន្តី ជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញ ខន្តី ជាគ្រឿងដុតនូវបាបរបស់អ្នកប្រព្រឹត្តធម៌ ខន្តី ជាគុណជាតិនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ។

អ្នកមានខន្តី ជាអ្នកនាំមកនូវប្រយោជន៍ដល់ខ្លួនផង ដល់ជនទាំងឡាយឯទៀតផង អ្នកមានខន្តីជាអ្នកបានឡើង កាន់ផ្លូវជាទីស្ថានសួគ៌និងព្រះនិព្វាន ។ អ្នកមានខន្តី ឈ្មោះថាធ្វើតាមនូវព្រះពុទ្ធដីកាឱវាទរបស់ព្រះសាស្តាមែន អ្នកមានខន្តី ឈ្មោះថាបានបូជានូវព្រះជិនស្រីដោយការបូជាដ៏ឧត្តម។

ខន្តីជាធម៌ដ៏ឧត្តមក្នុងលោក ខន្តីធម៌ ជាប្រធានក្នុងលោក ក៏បុណ្យទាំងអស់រមែងមានក្នុងខន្តី។ បើប្រាសចាកខន្តីហើយរមែងជួបប្រទះតែនឹងសេចក្តីទុក្ខ លំបាកក្រីក្រ ថោកទាបជានិច្ច ។ ព្រោះហេតុនោះ លោកអ្នកសប្បុរសទាំងឡាយគួរខំចម្រើនខន្តីធម៌ឲ្យមានឡើងគ្រប់ៗគ្នា។

 


Post a Comment (0)
Previous Post Next Post