នរជនមានសីលដូចម្តេច គប្បីជាបុគ្គលប្រតិស្ឋានមាំល្អ ក្នុងសាសនា |
កឹសីលសូត្រ ទី៩
(ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា) នរជនមានសីលដូចម្តេច
មានមារយាទដូចម្តេច ចំរើននូវអំពើទាំងឡាយដូចម្តេច
គប្បីជាបុគ្គលប្រតិស្ឋានមាំល្អ (ក្នុងសាសនា) ផង ដល់នូវប្រយោជន៍ខ្ពង់ខ្ពស់
គឺអរហត្តផលផង។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា)
បុគ្គលត្រូវប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចំរើន
ជាអ្នកមិនមានសេចក្តីច្រណែន ស្គាល់កាលគួរចួបនឹងគ្រូ ស្គាល់ខណៈស្តាប់ធម្មីកថា
ដែលលោកពោល គប្បីស្តាប់សុភាសិតឯទៀតដោយគោរព។
បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្តបន្ទាបខ្លួន
ហើយចូលទៅកាន់សំណាក់គ្រូ តាមកាលគួរ គប្បីរលឹករឿយ ៗ
ទាំងប្រព្រឹត្តដោយប្រពៃនូវអត្ថនៃ (ភាសិត) ធម៌ សីល និងព្រហ្មចារ្យ (ដ៏សេស
ដែលគ្រូសំដែងហើយ)។
បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ឋិតនៅក្នុងធម៌
ចេះវិនិច្ឆ័យនូវធម៌ មិនគួរប្រព្រឹត្តនូវពាក្យ ដែលប្រទូស្តចំពោះធម៌
គប្បីញុំាងកាលឲ្យអស់ទៅ ដោយសុភាសិតទាំងឡាយដែលពិត ៗ។
បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចាឥតប្រយោជន៍ ការខ្សឹកខ្សួល
ការប្រទុស្ត ការធ្វើនូវមាយា ការកុហក ការជាប់ចិត្ត ការប្រកាន់ ការប្រណាំងប្រជែង
សំដីអាក្រក់ ទឹកអម្ចត់ គឺរាគាទិក្កិលេស និងការជ្រប់នៅដោយតណ្ហា
គប្បីជាបុគ្គលប្រាសចាកសេចក្តីស្រវឹង មានចិត្តឋិតនៅមាំ។
សុភាសិតទាំងឡាយ (ដែលប្រកបដោយសមថវិបស្សនា) គឺអ្នកប្រាជ្ញដឹងច្បាស់
ថាមានសារៈ ឯញាណសំរេចអំពីសុតៈ គឺអ្នកប្រាជ្ញដឹងច្បាស់ថា មានសមាធិជាសារៈ បញ្ញា
និងសុតៈ រមែងមិនចំរើនដល់នរជន ដែលជាអ្នកមានចិត្តរហ័ស ជាអ្នកធ្វេសប្រហែស ។
មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គលសំដែងហើយ ជនពួកនោះ
រមែងប្រសើរដោយវចីកម្ម មនោកម្ម និងកាយកម្ម ជនពួកនោះ
រមែងឋិតនៅក្នុងសេចក្តីស្ងប់ស្ងាត់ ស្ងប់ស្ងៀម និងសមាធិ
ហើយបានដល់នូវខ្លឹមនៃការស្តាប់ផង នៃប្រាជ្ញាផង។
ចប់ កឹសីលសូត្រ ទី៩។
(ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ព្រះត្រៃបិដកលេខ ៥៤)
…………………….ព្រះពុទ្ធដីកា
សេដ្ឋីពេាធិសត្វជាបិតាពេាលថា៖ បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្តម
គឺការមិនមានរេាគ១, សីល (គឺមារយាទ) ១, ការយល់ឃេីញតាមបណ្ឌិតអ្នកដឹង
១, ការឧស្សាហ៍ស្តាប់ ១, ការអនុវត្តន៍នូវសុចរិតធម៌
១, ការមិនរុញរានៃចិត្ត ១, ធម៌ទាំង ៦
នេះ ជាទ្វារ ទាំងជាប្រធាននៃសេចក្តីចម្រេីន ។ (អត្ថស្សទ្វារជាតកទី ៤)