អំពីឧបោសថសីល |
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ
ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី
ទៀបក្រុងសាវតី ។ ក្នុងទីនោះឯង ព្រះមានភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា
ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្គាល់ព្រះពុទ្ធដីកា
ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ
ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន
មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន ។
ម្នាលភិក្ខុទាំងឡាយ ចុះឧបោសថ ប្រកបដោយអង្គ ៨ ប្រការ
ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន
មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន ដោយប្រការដូចម្តេច ។
ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះពិចារណាថា
ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញា
ដាក់ចុះហើយ មានគ្រឿងសាស្រ្តាដាក់ចុះហើយ ជាអ្នកមាន សេចក្តីខ្មាសបាប
មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ
ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់នូវបាណាតិបាត
វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ
មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ
ដោយប្រយោជន៍ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះដែរ
យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង
ដោយអង្គនេះផង ។ ឧបោសថ ប្រកបដោយអង្គទី១ នេះ ។ល។
ព្រះអរហន្តទាំងឡាយ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន
កាន់យកតែវត្ថុដែលគេឲ្យ ប្រាថ្នាចំពោះវត្ថុដែលគេឲ្យ
មានខ្លួនដ៏ស្អាត មិនមែនជាអ្នកលួច ដរាបអស់ជីវិត ក្នុងថ្ងៃនេះ
ចំណែកខ្លួនអញ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន
កាន់យកតែវត្ថុដែលគេឲ្យ ប្រាថ្នាចំពោះតែវត្ថុដែលគេឲ្យ
មានខ្លួនដ៏ស្អាត មិនមែនជាអ្នកលួច អស់យប់នេះ
នឹងថ្ងៃនេះដែរយកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញចាំរក្សាឧបោសថផងដោយអង្គនេះ
។ ឧបោសថ ប្រកបដោយអង្គទី២ នេះឯង ។ល។
ព្រះអរហន្តទាំងឡាយ លះបង់អព្រហ្មចរិយៈ
ជាអ្នកមានព្រហ្មចារ្យ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន
ដែលជាធម៌របស់អ្នកស្រុក ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញលះបង់អព្រហ្មចរិយៈ
ជាអ្នកមានព្រហ្មចារ្យ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន
ដែលជាធម៌របស់អ្នកស្រុក អស់យប់នេះ និងថ្ងៃនេះដែរ
យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថ
ដោយអង្គនេះឯង ។ ឧបោសថប្រកបដោយអង្គទី ៣ នេះឯង ។ល។
ព្រះអរហន្តទាំងឡាយ លះបង់មុសាវាទ វៀរចាកមុសាវាទ
អ្នកពោលពាក្យពិត ទ្រទ្រង់ពាក្យពិត ពោលពាក្យខ្ជាប់ខ្ជួន
គួរឲ្យគេជឿបាន មិនបានពោលពាក្យបង្គាប់លោក ក្នុងថ្ងៃនេះ
ចំណែកខ្លួនអញលះបង់មុសាវាទ វៀរចាកមុសាវាទ ជាអ្នកពោលពាក្យពិត
ទ្រទ្រង់ពាក្យពិត ពោលពាក្យខ្ជាប់ខ្ជួន គួរឲ្យគេជឿបាន
មិនបានពោលពាក្យបង្កាច់លោក អស់យប់នេះ និងថ្ងៃនេះដែរ
យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង
ដោយអង្គនេះឯង ។ ឧបោសថប្រកបដោយអង្គទី ៤ នេះឯង ។ល។
ព្រះអរហន្តទាំងឡាយ
លះបង់ហេតុជាទីតាំងនៃសេចក្តីប្រមាទគឺផឹកគ្រឿងស្រវឹង
គឺសុរានិងមេរ័យ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ
លះបង់ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកគ្រឿងស្រវឹង
គឺសុរានិងមេរ័យ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ
គឺផឹកគ្រឿងស្រវឹង គឺសុរានិងមេរ័យ អស់យប់នេះនឹងថ្ងៃនេះដែរ
យកតម្រាបព្រះអរហន្តទាំងឡាយផង
ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង ។ ឧបោសថ ប្រកបដោយអង្គទី
៥ នេះឯង ។ល។
ព្រះអរហន្តទាំងឡាយ បរិភោគបាយតែម្តង វៀរបរិភោគ
ក្នុងវេលាយប់ វៀរចាកភោជន ក្នុងវិកាល ដរាបអស់ជីវិត ក្នុងថ្ងៃនេះ
ចំណែកខ្លួនអញ បរិភោគបាយតែម្តង វៀរបរិភោគ ក្នុងវេលាយប់ វៀរចាកភោជន
ក្នុងវេលាវិកាល អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាបព្រះអរហន្តទាំងឡាយផង
ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះផង ។ ឧបោសថ ប្រកបដោយអង្គទី
៦ នេះឯង ។ល។
ព្រះអរហន្តទាំងឡាយ លះបង់ការរាំ ច្រៀង ប្រគំ មើលល្បែង
ដែលជាសត្រូវ ដល់កុសលធម៌ និងការទ្រទ្រង់ ប្រដាប់តាក់តែង
ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ
វៀរចាកការរាំ ច្រៀង ប្រគំ មើលល្បែងដែលជាសត្រូវដល់កុសលធម៌
និងការទ្រទ្រង់ប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង
គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ
ចំណែកខ្លួនអញ លះបង់ការរាំ ច្រៀង ប្រគំ មើលនូវល្បែង
ដែលជាសត្រូវដល់កុសលធម៌ និងការទ្រទ្រង់ប្រដាប់តាក់តែង ស្អិតស្អាង
រាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ វៀរចាក ការរាំ
ច្រៀង ប្រគំ មើលនូវល្បែង ដែលជាសត្រូវដល់កុសលធម៌
និងការទ្រទ្រង់ប្រដាប់តាក់តែង ស្អិតស្អាង រាងកាយ ដោយផ្កាកម្រង
គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ អស់យប់នេះ និងថ្ងៃនេះដែរ
យកតម្រាបព្រះអរហន្តទាំងឡាយ ខ្លួនអញនិងចាំរក្សាឧបោសថផង
ដោយអង្គនេះឯង ។ ឧបោសថប្រកបដោយអង្គទី ៧ នេះឯង ។ល។
ព្រះអរហន្តទាំងឡាយ លះបង់សេនាសនៈដ៏ខ្ពស់ហួសប្រមាណ
និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាបលើគ្រែក្តី លើកម្រាល
ដែលគេធ្វើដោយស្មៅក្តី ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់សេនាសនៈ
ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប
លើគ្រែក្តី លើកម្រាលដែលគេធ្វើដោយស្មៅក្តី
អស់យប់នេះនឹងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្ត ទាំងឡាយផង
ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង ។ ឧបោសថប្រកបដោយអង្គទី ៨
នេះឯង ។
ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨
ដែលបុគ្គលចាំរក្សាយ៉ាងនេះឯង រមែងមានផលច្រើន មានអនិសង្សច្រើន
មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយច្រើន ។
ដកស្រង់ពី ព្រះត្រៃបិដក ភាគ៤៨ ទំព័រ ១៨៣-១៨៨