សុចរិត ៣ និង ទុច្ចរិត ៣ |
សុចរិត ៣
តីណិ សុចរិតានិ សុចរិត ៣ យ៉ាង គឺ៖
១. កាយសុចរិតំ
សុចរិតដោយកាយ
២. វចីសុចរិតំ
សុចរិតដោយវាចា
៣. មនោសុចរិតំ
សុចរិតដោយចិត្ត
អធិប្បាយ
ការប្រព្រឹត្តត្រឹមត្រូវ ឬការប្រព្រឹត្តល្អ ហេតុនោះ
ទើបឈ្មោះថា សុចរិត ( សុដ្ឋុ ចរិតានិ, សុន្ទរានិ វា ចរិតានីតិ
សុចរិតានិ ) ។ ធម៌ទាំង ២ ពួកនេះ ( ទុច្ចរិត និងសុចរិត )
គួរពោលដោយន័យបញ្ញត្តិមួយ ដោយកម្មបថមួយ ។
ពោលដោយបញ្ញត្តិមុន ៖
ការប្រព្រឹត្តកន្លងល្មើសសិក្ខាបទដែលបញ្ញត្តទុកហើយ ក្នុងកាយទ្វារ
ឈ្មោះថា កាយទុច្ចរិត, ការមិនប្រព្រឹត្តកន្លងល្មើស ឈ្មោះថា
កាយសុចរិត ។
ការប្រព្រឹត្តកន្លងល្មើសសិក្ខាបទដែលបញ្ញត្តទុកហើយក្នុងវចីទ្វារ
ឈ្មោះថា វចីទុច្ចរិត, ការមិនប្រព្រឹត្តល្មើស
ឈ្មោះថា វចីសុចរិត ។
ការប្រព្រឹត្តកន្លងល្មើសសិក្ខាបទដែលទ្រង់បញ្ញត្តទុកហើយ
ក្នុងទ្វារទាំង ២ នុ៎ះឯង ឈ្មោះថា មនោទុច្ចរិត, ការមិនប្រព្រឹត្តកន្លងល្មើស
ឈ្មោះថា មនោសុចរិត ។ នេះពោលដោយបញ្ញត្តិ ។
ចំណែកចេតនា ៣ មានបាណាតិបាតជាដើម ដែលកើតឡើង
ទាំងក្នុងកាយទ្វារ ទាំងក្នុងវចីទ្វារ ឈ្មោះថា កាយទុច្ចរិត ។ ចេតនា ៤
មានមុសាវាទជាដើម ឈ្មោះថា វចីទុច្ចរិត ។ ធម៌ ៣ ដែលប្រកបដោយចេតនា គឺ
អភិជ្ឈា ( ការសម្លឹងរំពៃចង់បានទ្រព្យអ្នកដទៃ ) ព្យាបាទ ( ប៉ុនប៉ងអាក្រក់លើអ្នកដទៃ
) មិច្ឆាទិដ្ឋិ ( យល់ខុស ) ឈ្មោះថា មនោទុច្ចរិត ។
ចេតនាក្តី វិរតិក្តី ទាំង ៣ យ៉ាង
ដែលកើតឡើងដល់អ្នកដែលវៀរចាកបាណាតិបាតជាដើម ឈ្មោះថា កាយសុចរិត, ចេតនាក្តី
វិរតិក្តី ទាំង ៤ យ៉ាង ដែលកើតឡើងដល់អ្នកដែលវៀរចាកមុសាវាទជាដើម
ឈ្មោះថា វចីសុចរិត ។ ធម៌ ៣ យ៉ាងដែលប្រកបដោយចេតនា គឺ អនភិជ្ឈា (
មិនសម្លឹងរំពៃចង់បានទ្រព្យអ្នកដទៃ ) អព្យាបាទ (
មិនប៉ុនប៉ងអាក្រក់លើអ្នកដទៃ ) សម្មាទិដ្ឋិ ( យល់ត្រូវ ) ឈ្មោះថា
មនោសុចរិត នេះពោលដោយកម្មបថ ។
ទុច្ចរិត ៣
តីណិ ទុច្ចរិតានិ ទុច្ចរិត ៣ យ៉ាង គឺ៖
១. កាយទុច្ចរិតំ
ទុច្ចរិតដោយកាយ
២. វចីទុច្ចរិតំ
ទុច្ចរិតដោយវាចា
៣. មនោទុច្ចរិតំ
ទុច្ចរិតដោយចិត្ត
អធិប្បាយ
ការប្រព្រឹត្តអាក្រក់ ឬ ប្រព្រឹត្តខុសប្រក្រតី ហេតុនោះ ទើបឈ្មោះថា
ទុច្ចរិត ( ទុដ្ឋុ ចរិតានិ, វិរូបានិ វា ចរិតានីតិ
ទុច្ចរិតានិ ) ។ ទុច្ចរិតដោយកាយ ឬ ទុច្ចរិតដែលប្រព្រឹត្តទៅតាមផ្លូវកាយ
ហេតុនោះ ទើបឈ្មោះថា កាយទុច្ចរិត ។ ពាក្យដែលនៅសេសសល់
មានន័យដូចគ្នាទាំងអស់ ។