កច្ឆបជាតក |
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន
ទ្រង់ប្រារព្ធការរួចផុតពីអហិវាតករោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) មួយ
បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ជនិត្តំ មេ ភវិត្តំ មេ ដូច្នេះជាដើម ។
បានឮមកថា ក្នុងក្រុងសាវត្ថី មានអហិវាតករោគកើតឡើងក្នុងត្រកូលមួយ ។
មាតាបិតាពោលនឹងបុត្រថា នែកូន អ្នកកុំនៅក្នុងផ្ទះនេះអី ចូរទម្លាយជញ្ជាំង
ហើយរត់ទៅកាន់ទីណាមួយ រក្សាជីវិត ក្នុងកាលជាខាងក្រោយ សឹមមកចុះ
កំណប់ដ៏ធំមានក្នុងទីនេះឯង ចូរគាស់កំណប់នោះ រក្សាទុកដាក់ទ្រព្យ រស់នៅដោយសេចក្ដីសុខចុះ
។ បុត្រទទួលពាក្យរបស់មាតាបិតាហើយ ក៏ទម្លាយជញ្ជាំង រត់ទៅ កាលរោគស្ងប់ហើយ ទើបមកវិញ
គាស់កំណប់ធំ ទុកដាក់រក្សាទ្រព្យ រស់នៅគ្រប់គ្រងផ្ទះ ។
ថ្ងៃមួយ បុរសនោះឲ្យគេកាន់សប្បិ ប្រេងជាដើម និងសំពត់ជាដើម
ទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈ ហើយត្រាស់សួរថា បានឮថា
អហិវាតករោគកើតឡើងក្នុងផ្ទះរបស់អ្នកឬ អ្នកធ្វើដូចម្ដេច ទើបរួចផុត ? បុរសនោះក៏ប្រាប់រឿងនោះ
។ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសក សូម្បីកាលមុន ពេលភ័យកើតឡើង
សត្វដែលធ្វើសេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅកាន់ទីដទៃ ក៏បានដល់ការអស់ជីវិត
សត្វដែលមិនធ្វើសេចក្ដីអាល័យ បានទៅកាន់ទីដទៃ ក៏បានជីវិត ដូច្នេះហើយ
កាលបុរសនោះទូលអារាធនា ទើបព្រះអង្គនាំអតីតនិទានមកថា ៖
ក្នុងអតីតកាល
កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី
ព្រះពោធិសត្វកើតក្នុងត្រកូលស្មូនឆ្នាំង ក្នុងស្រុកកាសី ធ្វើឆ្នាំងចិញ្ចឹមកូននិងប្រពន្ធ
។ គ្រានោះមានស្រះដ៏ធំមួយជាស្រះកើតឯង ជាប់នឹងមហាទន្លេ ក្នុងក្រុងពារាណសី ។
ក្នុងកាលដែលមានទឹកច្រើន ស្រះនោះជាផ្លូវទឹកតែមួយជាមួយនឹងទន្លេ ដល់ពេលមានទឹកតិច
ក៏ដាច់ផ្សេងពីគ្នា ។ ពួកត្រីនិងអណ្ដើកដឹងថា ក្នុងឆ្នាំនេះ នឹងមានភ្លៀងបរិបូណ៌
ក្នុងឆ្នាំនេះនឹងមានភ្លៀងដាច់ ។ ពេលនោះ ពួកត្រីនិងអណ្ដើកដែលកើតក្នុងស្រះនោះដឹងថា
ក្នុងឆ្នាំនេះនឹងមានភ្លៀងមិនបរិបូណ៌ ហើយក៏ចេញអំពីស្រះនោះទៅកាន់ទន្លេ
ក្នុងពេលដែលទឹកនៅជាប់គ្នា ។ មានអណ្ដើកមួយមិនបានទៅទន្លេនឹងគេទេ ព្រោះគិតថា
ទីនេះជាភូមិកំណើតរបស់យើង ជាទីចម្រុងចម្រើនរបស់យើង ជាទីដែលមេបាយើងធ្លាប់នៅ
យើងមិនអាចលះបង់ទីនេះទេ ។
លំដាប់នោះ ក្នុងនិទាឃសម័យ (រដូវក្ដៅ) ទឹកស្រះនោះក៏រីងស្ងួត ។
អណ្ដើកនោះវារចូលទៅក្រាំងក្នុងដី ត្រង់ទីដែលពោធិសត្វជីកយកដីស្អិត ។ ពោធិសត្វគិតថា
យើងនឹងយកដីស្អិត ហើយក៏ទៅកាន់ទីនោះ រួចជីកដីដោយចបធំ ទម្លាយស្នូកអណ្ដើក គាស់អណ្ដើកនោះដោយចប
ហាក់ដូចជាគាស់ដុំដីស្អិត ហើយដាក់លើគោក ។ អណ្ដើកនោះរងទុក្ខវេទនា ពោលថា
កាលយើងមិនលះសេចក្ដីអាល័យក្នុងទីនៅ បានជាដល់សេចក្ដីវិនាសយ៉ាងនេះ ថាហើយ
កាលខ្សឹកខ្សួលបរិទេវនាការ ទើបពោលគាថាទាំងនេះថា
ជនិត្តំ មេ ភវិត្តំ មេ, ឥតិ បង្កេ អវស្សយិំ;
តំ មំ បង្កោ អជ្ឈភវិ, យថា ទុព្ពលកំ តថា;
តំ តំ វទាមិ ភគ្គវ,
សុណោហិ វចនំ មម។
ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើនហើយ (ក្នុងទីនេះ)
ភក់បានកប់សង្កត់ខ្ញុំនោះធ្វើឲ្យទុព្វលភាព បពិត្រភគ្គវៈ
ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ ។
គាមេ វា យទិ វារញ្ញេ, សុខំ យត្រាធិគច្ឆតិ;
តំ ជនិត្តំ ភវិត្តញ្ច,
បុរិសស្ស បជានតោ;
យម្ហិ ជីវេ តម្ហិ គច្ឆេ, ន និកេតហតោ សិយា។
បុគ្គលបានសេក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ
ជាទីកើត ជាទីចម្រើន របស់បុរសជាអ្នកដឹង (នូវប្រយោជន៍និងមិនមែនប្រយោជន៍)
បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ
សម្លាប់ខ្លួនបានឡើយ ។
អណ្ដើកកាលនិយាយជាមួយព្រះពោធិសត្វយ៉ាងនេះហើយ ក៏ស្លាប់ទៅ ។
ព្រះពោធិសត្វកាន់យកអណ្ដើកនោះ ហើយឲ្យអ្នកស្រុកទាំងអស់ប្រជុំគ្នា ពោលទូន្មានមនុស្សទាំងនោះយ៉ាងនេះថា
អ្នកទាំងឡាយចូរមើលអណ្ដើកនេះ អណ្ដើកនេះ កាលពួកត្រីនិងអណ្ដើកដទៃទៅកាន់មហាទន្លេ
មិនអាចកាត់សេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅជាមួយនឹងគេ
បានវារចូលទៅដេកក្នុងទីដែលខ្ញុំយកដីស្អិត លំដាប់នោះ ខ្ញុំកាលយកដីស្អិត
បានទម្លាយស្នូកវាដោយចបធំ ដាក់វានៅលើគោក ហាក់ដូចជាទម្លាក់ដុំដីស្អិត
អណ្ដើកនេះរលឹកអំពើដែលខ្លួនធ្វើ រួចខ្សឹកខ្សួលដោយគាថា ២ ហើយស្លាប់ទៅ
អណ្ដើកនេះធ្វើសេចក្ដីអាល័យក្នុងទីនៅ របស់ខ្លួន ក៏បានដល់សេចក្ដីស្លាប់
សូម្បីអ្នកទាំងឡាយសោត ក៏កុំដូចអណ្ដើកនេះ ចាប់តាំងអំពីពេលនេះទៅ
អ្នកទាំងឡាយកុំប្រកាន់ដោយអំណាចតណ្ហា និងដោយអំណាចគ្រឿងឧបភោគថា រូបរបស់អញ
សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផោដ្ឋព្វៈរបស់អញ បុត្ររបស់អញ ធីតារបស់អញ
ពួកទាសាទាសីរបស់អញ មាសប្រាក់របស់អញ សត្វតែមួយៗ ប៉ុណ្ណោះ វិលវល់ក្នុងភពបី ។
ព្រះពោធិសត្វឲ្យឱវាទដល់មហាជនដោយទំនងដូចជាពុទ្ធលីលាយ៉ាងនេះហើយ
ឱវាទនោះសាយភាយទៅក្នុងសកលជម្ពូទ្វីប តាំងនៅអស់កាល ៦០០០០ ឆ្នាំ ។
មហាជនតាំងនៅក្នុងឱវាទរបស់ព្រះពោធិសត្វ ធ្វើបុណ្យមានទានជាដើម កាលអស់អាយុ
ក៏បានបំពេញក្នុងសគ្គបុរី ។ ចំណែកព្រះពោធិសត្វធ្វើបុណ្យដូចគ្នាហើយ
ក៏បានបំពេញក្នុងសគ្គបុរីដែរ ។
ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌
និងប្រជុំជាតក ក្នុងកាលចប់សច្ចធម៌ កុលបុត្រនោះបានតាំងនៅក្នុងសោតាបត្តិផល ។ តទា
កច្ឆបោ អានន្ទោ អហោសិ អណ្ដើកក្នុងកាលនោះ បានមកជាអានន្ទ កុម្ភការោ បន អហមេវ អហោសិំ
អ្នកធ្វើឆ្នាំង គឺតថាគតនេះឯង ។ ចប់ កច្ឆបជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត កល្យាណវគ្គ បិដកលេខ ៥៨ ទំព័រ ៨៥)
ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ២០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ.